កណ្តាល៖
សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនទៅលើជនសង្ស័យម្នាក់ដែលធ្លាប់មានប្រវត្តិក្រុមគ្រួសារយកទៅមណ្ឌលបន្សាបគ្រឿងញៀន ចំនួន០២លើក តែនៅតែមិនកែ ហើយបង្កហិង្សាដោយចេតនា យកដំបងវាយជនរងគ្រោះជាម្តាយអោយមានរបួសស្នាមនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីថ្ងៃទី២១ខែធ្នូឆ្នាំ២០២៥នៅចំណុចភូមិដំរីឆ្លង ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពពីសមត្ថកិច្ចបានប្រាប់អោយដឹងថា÷ស្ត្រីរងគ្រោះមានឈ្មោះ ពៅ សុខលន អាយុ៥១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ (ត្រូវជាម្តាយបង្កើត)មានស្នាមរបួសហើមកំភួនដៃខាងឆ្វេង ចំនែកជនសង្ស័យមានឈ្មោះ ពៅ នាង អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (វិជ្ជមាននូវសារធាតុញៀន) ជាកូនបង្កើតរបស់ស្ត្រីរងគ្រោះ ដោយធ្លាប់ក្រុមគ្រួសារយកទៅមណ្ឌលបន្សាបគ្រឿងញៀនឱកាសខ្ញុំ ចំនួន០២លើក និងមានទីលំនៅជាមួយម្តាយ ក្នុងភូមិឃុំកើតហេតុ។ ចំពោះវត្ថុតាងចាប់យក មាន ដំបងឫស្សីចំនួន០១កំណាត់ ។
សមត្ថកិច្ចបន្តទៀតថា÷ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំហើយតែងតែរករឿងជនរងគ្រោះ ជាម្តាយជាញឹកញាប់។ លុះនៅវេលាកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពដោះឌុយខ្សែភ្លើងនៅក្នុងផ្ទះ រួចបានសារខ្សែភ្លើងយកទៅលាក់ទុកនៅខាងមុខផ្ទះដើម្បីយកទៅលក់។ ពេលនោះជនរងគ្រោះជាម្តាយបានឃើញក៏បានយកខ្សែភ្លើងនោះទៅទុកវិញ ស្រាប់តែជនសង្ស័យ បានខឹងស្រែកឡូឡានិងជេរប្រមាថទៅលើម្តាយ និងថែមទៀត បានយកដំបងឬស្សីវាយស្ត្រីរងគ្រោះ ជាម្តាយចំនួន០១ដំបងត្រូវចំកំភួនដៃខាងឆ្វេង បណ្តាលអោយមានស្មាមរបួសហើមជាំ។
ដោយទ្រាំនិងទង្វើរបស់កូនប្រុសលែងបាន ម្តាយក៏បានទូរស័ព្ទប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្អាងភ្នំអោយជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
