ក្រសួងការពារជាតិប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃពុធ ទី10 ខែធ្នូនេះថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងជាច្រើនគ្រាប់កាលពីថ្ងៃអង្គារ ទី9 ម្សិលមិញនេះ ឆ្ពោះទៅកាន់សមុទ្រភាគខាងលិចនៃឧបទ្វីបកូរ៉េ។ យោងតាមសេចក្តីថ្លែងការណ៍របស់យោធាប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា "យោធាកូរ៉េខាងត្បូង កំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពផ្សេងៗរបស់កូរ៉េខាងជើង ក្រោមជំហរការពារជាតិរួមបញ្ចូលគ្នា រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក និងរក្សាជំហរក្នុងការឆ្លើយតបយ៉ាងមឺងម៉ាត់ចំពោះការញុះញង់ណាមួយ"។ គួរបញ្ជាក់ផងដែរថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងមួយគ្រាប់ឆ្ពោះទៅកាន់សមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃទី7 ខែវិច្ឆិកាកន្លងទៅ ពោល គឺបន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គល និងអង្គភាពកូរ៉េខាងជើង ដែលទីក្រុងវ៉ាស៊ីនតោនចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងគម្រោងលាងលុយកខ្វក់តាមប្រពន្ធ័អ៊ីនធឺណិត។
