ទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ដែលកម្ពុជាទទួលបន្តវេនពីប្រទេសអារ៉ាប់រួម សម្រាប់សិទ្ធិទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ បាននាំយកមកដល់កម្ពុជាហើយ កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ អមជាមួយសមិទ្ធផលមេដាយ ១២គ្រឿង ដែលអត្តពលិកជនពិការកម្ពុជាដណ្តើមបានពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៥ នៅប្រទេសអារ៉ាប់រួម ពីថ្ងៃទី០៧-១៤ ខែធ្នូ ឆ្នាំ២០២៥។
វត្តមានទទួលទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦ មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
ថ្លែងនាឱកាសទទួលទង់ និងទទួលប្រតិភូអត្តពលិកកីឡាជនពិការកម្ពុជា ក្នុងនាមសម្តេចធិបតី ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា តាមការគ្រោងទុក នៅពេលប្រតិភូអត្តពលិកកីឡាជនពិការនាំយកទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩នេះមកដល់ នឹងត្រូវធ្វើដំណើររួមគ្នាទៅវិមាសន្តិភាព ដោយសម្តេចធិបតីត្រៀមទទួលប្រតិភូអត្តពលិកដោយផ្ទាល់តែម្តង។ ប៉ុន្តែដោយស្ថានភាពលំបាករបស់ប្រទេសជាតិដោយការឈ្លានពានពី យោធាថៃទាមទាឱ្យសម្តេចធិបតីតាមដានដោយយកចិត្តទុកដាក់គ្រប់គ្រងសភាពការណ៍ជាបន្តបន្ទាប់ ដោយមិនអាចអាក់ខានបាន និងមិនអាចមកទទួលដោយផ្ទាល់បាន។
ឯកឧត្តម ហ៊ុន ម៉ានី បន្ថែមថា ទោះជាបែបនេះក្តី ក៏សម្តេចធិបតីមិនបានមកទទួលដោយផ្ទាល់យ៉ាងណាក្តី ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រីបានផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករឭក និងចូលរួមអបអរសាទរពិសេសអរគុណអត្តពលិកយើងទាំងអស់ ដែលបានចូលរួមប្រកួតនាំមកនូវជ័យជម្នះតាមរយៈមេដាយមកជូនមកជូនជាតិមាតុភូមិ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អះអាងថា ក្រោយស្ថានការណ៍មានភាពធូស្រាលវិញនោះ សម្តេចធិបតីនឹងរៀបចំពេលវេលាណាសមស្របណាមួយនឹងអនុញ្ញាឱ្យប្រតិភូអត្តពលិកចូលជួបដោយផ្ទាល់ ដើម្បីបង្ហាញនូវការអបអរសាទរ និងកោតសសើរជាក់ជាមិនខាន។
ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានថ្លែងអំណរគុណចំពោះប្រតិភូអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជាទាំងអស់ ដែលបានទៅចូលរួមប្រកួតប្រែងដណ្តើមបានមេដាយនាំយកមាតុភូមិ ដែលជាភាពជោគជ័យមួយដ៏អស្ចារ្យ។
