លោក ហ្គាហ្ស៊ី ហាម៉ាត់ មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែល ថាបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សាម្តងហើយម្តងទៀត និងបានសម្លាប់ប្រជាជនប៉ាឡេស្ទីនប្រមាណ 400 នាក់ហើយចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន។ មេដឹកនាំក្រុមហាម៉ាសរូបនេះ បានបញ្ជាក់ថា អ៊ីស្រាអែលបានប្រព្រឹត្តបទល្មើសជាង 800 ករណី រួមទាំងការសម្លាប់ ការប្រហារជីវិត ការបាញ់ប្រហារលើជនស៊ីវិល ការទម្លាក់គ្រាប់បែក និងការធ្វើឃាត ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី 10 ខែតុលា។ លោក ហាម៉ាត់  ក៏បានចោទប្រកាន់យោធាអ៊ីស្រាអែល ថាបានឆ្លងកាត់ «ខ្សែបន្ទាត់លឿង» ម្តងហើយម្តងទៀត ជាតំបន់ដែលយោធាអ៊ីស្រាអែលមិនទាន់ដកថយនៅក្នុងតំបន់ នៅក្នុងលក្ខខណ្ឌមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់។ លោកក៏បានអំពាវនាវដល់ភាគីសម្របសម្រួល និងស្ថាប័នអន្តរជាតិពាក់ព័ន្ធ ឲ្យចាត់វិធានការជាបន្ទាន់ និងជាក់ស្តែង ដើម្បីទប់ស្កាត់យោធាអ៊ីស្រាអែល ពីការបន្តរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងរក្សាស្ថិរភាពនៅក្នុងតំបន់ហ្គាហ្សា ហើយអ៊ីស្រាអែល ត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះសកម្មភាពទាំងអស់ដែលខ្លួនបានធ្វើ។