លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា អាមេរិកនឹងបើកការវាយប្រហារជាថ្មីម្តងទៀតលើប្រទេសអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះ ចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។ ការលើកឡើងនេះ ធ្វើឡើង អំឡុងពេលនៃជំនួបរវាងលោកប្រធានាធិបតី ត្រាំ និងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊េនចាមីន ណេតាន់យ៉ាហ៊ូ នៅភូមិគ្រឹះ ម៉ា អា ឡាហ្គូ របស់លោកប្រធានាធិបតី ត្រាំ ក្នុងរដ្ឋ ផ្លរីដា របស់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការជាប់គាំងលើបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការព្រួយបារម្ភរបស់អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ និងក្រុមហេសបូឡារបស់ប្រទេសលីបង់។ គួរបញ្ជាក់ផងដែរថា សង្រ្គាមរយៈពេល 12 រវាងអីស្រាអែល និងអីរ៉ង់ បានផ្ទុះឡើងកាលពីខែមិថុនាកន្លងទៅ នៅពេលដែលអ៊ីស្រាអែលបើកការវាយប្រហារទម្លាក់គ្រាប់បែកលើមូលដ្ឋានយោធា និងទីតាំងនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅក្នុងការវាយប្រហារ ដោយបានសម្លាប់មេដឹកនាំយោធា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ អ្នកនយោបាយ និងជនស៊ីវិលអីរ៉ង់ជាច្រើនរូប។ ជាការសងសឹក អ៊ីរ៉ង់បានឆ្លើយតបដោយគ្រាប់មីស៊ីលបាលីស្ទិកជាង 550 គ្រាប់ និងយន្តហោះគ្មានមនុស្សបើកប្រមាណ 1000 គ្រឿង វាយប្រហារលើទីតាំងស៊ីវិល មន្ទីរពេទ្យ ទីតាំងយោធា ថាមពល និងអគាររដ្ឋាភិបាលរបស់អីស្រាអែល។ ភ្លាមនោះ អាមេរិកបានលូកដៃចូល ដោយបើកការវាយប្រហារទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ចំនួន 3 នឹងជំរុញឲ្យអ៊ីរ៉ង់ ទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់។