ប្រទេសជប៉ុន បានសម្រេចចាប់ផ្តើមដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតក្នុងពិភពលោកឡើងវិញ ពោល គឺរយៈពេលជិត 15 ឆ្នាំ បន្ទាប់ពីគ្រោះមហន្តរាយនុយក្លេអ៊ែរក្នុងទីក្រុង ហ្វូគូស៊ីម៉ា ខណៈដែលមានក្រុមអ្នកតវ៉ាប្រមាណ 300 នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅអគារសភា ប្រឆាំងនឹងការចាប់ផ្តើមដំណើរការរោងចក្រនេះ ។ រោងចក្រុនុយក្លេអ៊ែរ កាហ្ស៊ីវ៉ាហ្សាគី ការីវ់ា (Kashiwazaki-Kariwa) ដែលមានទីតាំងប្រមាណ 220 គីឡូម៉ែត្រ ពីទីក្រុងតូក្យូ ស្ថិតក្នុងចំណោមរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន 54 ដែលបានបិទដំណើរការ បន្ទាប់ពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិកាលពីឆ្នាំ 2011 ដែលបានបំផ្លាញរោងចក្រ Fukushima ដែលជាគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុតនោះ។