ភ្នំពេញៈ
ឱសថស្ថានប៊ីយូយែរ ដែលម្ចាស់ថតបង្ហោះ អ្នកជំងឺខ្វះលុយចំនួន៥០០រៀលហើយ មិនឲ្យថ្នាំបង្កឲ្យមានការរិះគន់ពីមហាជននិងបណ្ដាញសង្គមនិងស៊ែរ តៗគ្នាត្រូវបានគណៈ ឱសថការីកម្ពុជាសម្រេចផ្អាកអាជ្ញាបណ្ណ ឱសថការី ចំនួន១២ខែ ដោយមិនអនុញ្ញាតិឱ្យ ប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជ សាស្ត្រចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈឱសថការី កម្ពុជា ។
ការសម្រេចផ្អាកអាជ្ញាបណ្ណនេះបន្ទាប់ពី ឈ្មោះ គឹម សុជាតា ម្ចាស់ឱសថស្ថាន ប៊ីយ៉ូយែរ បានធ្វើលិខិតសូមទោសជាសាធារណៈកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០២៥។
តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈឱសថការីកម្ពុជាបានជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយ ករណីឱសថស្ថានមួយកន្លែង ដែលបាន បង្ហោះវីដេអូលើបណ្តាញសង្គមកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងអតិថិជន ម្នាក់មកទិញឱសថតម្លៃ១៣៥០០រៀល ហើយអតិថិជនសុំតថ្លៃ១៣០០០រៀល តែម្ចាស់ ឱសថស្ថានមិនព្រមចុះថ្លៃជូន និងបានយកថ្នាំត្រលប់មកវិញ។ ក្រុមប្រឹក្សាគណៈឱសថការីភូមិភាគ១ បាន អញ្ជើញលោកស្រីឱសថការី ម្ចាស់ឱសថស្ថាន ប៊ីយូយែរ ដែលមានអាសយដ្ឋានលើមហាវិថីចោមចៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាអ្នកបង្ហោះវីដេអូ និងជា ឱសថការីទទួលបន្ទុក បច្ចេកទេសមកសាកសួរ និងបំភ្លឺលើករណីខាងលើ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥។
បន្ទាប់ពីបានធ្វើការសាកសួរនិងអង្កេតស្រាវជ្រាវរួចមក បានរកឃើញថា លោកស្រីឱសថការី គឹម សុជាតា ម្ចាស់ឱសថស្ថានប៊ីយូយែរ ពិតជាបានប្រព្រឹត្តកំហុស ឆ្គង និងបានទទួលស្គាល់កំហុសរបស់ខ្លួនដោយសូមសន្យា៖
ទី១-ធ្វើការសុំទោសជាសាធារណៈនូវកំហុសឆ្គងដែលបានប្រព្រឹត្ត,ទី២-នឹងគោរពក្រមសីលធម៌ឱសថការីឱ្យបានខ្ជាប់ខ្ជួន,ទី៣-ប្រសិនបើប្រព្រឹត្តផ្ទុយនឹងការសន្យាខាងលើ លោកស្រីនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
តាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា ដោយយោងលើការប្រព្រឹត្តខុសក្រម សីលធម៌ឱសថការី ក្រុមប្រឹក្សាគណៈឱសថការីភូមិភាគ១ បាន សម្រេចផ្អាកអាជ្ញាបណ្ណ ឱសថការី ចំនួន១២ខែ ដោយមិនអនុញ្ញាតិឱ្យប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជ សាស្ត្រចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦៕
