នាវាយោធាអាមេរិកមួយគ្រឿង បានចូលចតនៅកំពង់ផែភាគខាងត្បូងនៃកោះព័រតូរីកូកាលពីថ្ងៃអង្គារ ទី16 ខែធ្នូ ស្របពេលភាពតានតឹងជាមួយប្រទេសវេណេស៊ូអេឡា បន្តកើនឡើង ជុំវិញបញ្ហាគ្រឿងញៀន។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបង្កើនសម្ពាធលើប្រទេសវេណេស៊ូអេឡា ជាមួយនឹងការដាក់ពង្រាយកម្លាំងយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់តំបន់សមុទ្រការ៉ាប៊ីនក្បែរប្រទេសនេះ។ រដ្ឋបាលរបស់លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា ខ្លួនមិនទទួលស្គាល់លោក នីកូឡាស ម៉ាឌូរូ ដែលឡើងកាន់អំណាចតាំងពីឆ្នាំ 2013 ជាប្រធានាធិបតីស្របច្បាប់របស់ប្រទេសវេណេស៊ូអេឡានោះទេ ខណៈដែលអាមេរិក និងរដ្ឋាភិបាលប្រទេសលោកខាងលិចជាច្រើនទៀត បានចាត់ទុកការជាប់ឆ្នោតរបស់ប្រធានាធិបតីរូបនេះ ជាការក្លែងបន្លំ។