កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៥ តារាចម្រៀង លោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស បានធ្វើការប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ថានឹងបង្កើតមូលនិធិមួយឈ្មោះថា «អ្នកចម្បាំងឈាមខ្មែរ»។
មូលនិធិបង្កើតឡើងមកបន្ទាប់ពីយោធាថៃបានបើកការវាយប្រហារមកលើកម្ពុជាជាច្រើនទីតាំងនៅតាមបណ្តោយរវាងប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើឱ្យកងទ័ព និងប្រជាជនស្លូតត្រង់ស្លាប់ និងរបួសជាច្រើននាក់ផងដែរ។ ក្នុងនោះទៀតសោត ក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរបានធ្វើការភៀសសឹករាប់ម៉ឺននាក់ ទៅកាន់ទីកន្លែងសុវត្ថិភាព ដើម្បីគេចជៀសពីការបាញ់ប្រហាររបស់យោធាយ៉ាងសាហាវឃោរឃៅនេះ។ យ៉ាងណាមិញ មូលនិធិនេះត្រូវបានឡើងក្រោមគោលបំណង ៣ សំខាន់ៗរួមមាន៖
១, ការផ្គត់ផ្គង់ស្បៀង ឆ្អិនស្រាប់ និងហូបបានភ្លាមៗ ថ្នាំសង្កូវ ឧបករណ៍ប្រើប្រាស់ចាំបាច់ និង បម្រុងសម្រាប់ករណីចាំបាច់ ទៅដល់វីរៈកងទ័ពសមរភូមិជួរមុខគ្រប់មូលដ្ឋាន។
២, ការរក្សាទុកថវិកាមួយផ្នែក ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ផ្គត់ផ្គង់ទៅលើករណីចាំបាច់ផ្នែក ពេទ្យ និង យុវជនស្ម័គ្រចិត្ត។
៣, ការចុះផ្ទាល់ដល់ទីតាំងជនភៀសសឹក ដើម្បីចែកជូននូវគ្រឿងឧបភោគបរិភោគ និង របស់ប្រើប្រាស់ចាំបាច់។
តាមរយៈមូលនិធិខាងលើនេះ លោក និងភរិយារបស់លោក បានអះអាងផងដែរថា ថវិកាដែលបងប្អូនបានចូលរួម នឹងមិនឱ្យបាត់មួយកាក់មួយសេនឡើយ។ ក្នុងនោះ លោក G-Devith និង អ្នកនាង ទេព បូព្រឹក្ស បានចូលរួមជាថវិកាចំនួន ២ មុឺនដុល្លារ ហើយក៏មានបងប្អូនសិល្បករ និងសាធារណជនចូលរួមជាបន្តបន្ទាប់ផងដែរ។
សូមបញ្ជាក់ថា បងប្អូនប្រជាជនខ្មែរនៅទូទាំងប្រទស បើសិនជាមានបំណងចង់ចូលរួមជាមួយមូលនិធិអ្នកចម្បាំងឈាមខ្មែរ របស់តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស អាចធ្វើការបរិច្ចាគជាទឹកប្រាក់បានតាមរយៈ ការស្កេន QR Code ដែលមានស្រាប់នៅលើផ្ទាំង Poster ឬចូលទៅទំព័រហ្វេសប៊ុក «G-Devith» និង «Tep Boprek» សម្រាប់ព័ត៌មានលម្អិត៕
