បាត់ដំបង៖
បុរសម្នាក់ បានរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូបុកគ្នានិងខ្ទាតចូលក្រោម រថយន្ត ក្រុងដែលកំពុងចតចោលនៅលើចិញ្ចើមផ្លូវកាលពីវេលាម៉ោង ១២និង៥០នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ០១ ចំណុចខាងកើតផ្សារណាត់ (ផ្សារធំថ្មី) ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1FO-9528 បើកបរដោយបុរសម្នាក់ ទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូ០១គ្រឿងទៀតម៉ាកហុងដា ឌ្រីម ពណ៌ក្រហម ពាក់ផ្លាកលេខ បាត់ដំបង1AH-3363 បើកបរដោយបុរសម្នាក់ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកគ្នាពេញទំហឹង បណ្តាលអោយអ្នកបើកបរម្នាក់ខ្ទាតចូលក្រោមរថយន្តក្រុងដែលកំពុងចតចោលនៅលើចិញ្ចើមផ្លូវបណ្តាលអោយរងរបួសធ្ងន់។
ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានដឹកបញ្ចូលទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរ ត្រូវបានសមត្ថកិច្ចវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
