វិមានក្រឹមឡាំងបានបញ្ជាក់ថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយទៅកាន់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា រុស្ស៊ី អាចនឹងពិនិត្យឡើងវិញនូវគោលជំហររបស់ខ្លួននៅក្នុងកិច្ចចរចាសន្តិភាពដើម្បីបិទបញ្ចប់សង្រ្គាមជាមួយប្រទេសអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ទៅលើលំនៅដ្ឋានរបស់លោកប្រធានាធិបតី ពូទីន។ យ៉ាងណាមិញ អ៊ុយក្រែនបានច្រានចោលការចោទប្រកាន់របស់រុស្ស៊ី ដែលថាអ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន 91 គ្រឿង កំណត់គោលដៅលើលំនៅដ្ឋានរបស់លោកប្រធានាធិបតី ពូទីន នៅក្នុងតំបន់ ណូហ្គូរុដ ភាគខាងជើងប្រទេសរុស្ស៊ីនោះ និងថានេះ ជាការកុហក យកលេស ដើម្បីបន្តការឈ្លានពានលើអ៊ុយក្រែន និងធ្វើឲ្យប៉ះពាល់ដល់កិច្ចចរចាសន្តិភាព។
