ខណៈដែលការបោះឆ្នោតទូទៅនៅសល់តែរយៈពេលប៉ុន្មានខែទៀតប៉ុណ្ណោះ និងស្របពេលដែលអតីតមេដឹកនាំរបស់ខ្លួនកំពុងជាប់ពន្ធនាគារ គណបក្សភឿថៃ កំពុងពឹងផ្អែកលើសមាជិកម្នាក់ទៀតនៃត្រកូលស៊ីណាវ៉ាត្រា ដែលមានបទពិសោធន៍តិចតួចបំផុតក្នុងឆាកនយោបាយ។ លោក យ៉តឆាណាន់ វង្សសាវ៉ាត វ័យ 46 ឆ្នាំ ជាក្មួយប្រុសរបស់អតីតលោកនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងជាកូនប្រុសរបស់លោក ស៊ុមឆៃ វង្សសាវ៉ាត ដែលជាបងថ្លៃរបស់លោក ថាក់ស៊ីន បានបង្ហាញខ្លួនជាបេក្ខជនឈានមុខគេក្នុងចំណោមបេក្ខជនទាំង 3 របស់គណបក្សភឿថៃ សម្រាប់តំណែងនាយករដ្ឋមន្ត្រីថៃនៅក្នុងការបោះឆ្នោតសកល ដែលនឹងធ្វើឡើងនៅថ្ងៃទី 8 ខែកុម្ភៈខាងមុខ។ លោក យ៉តឆាណាន់ បាននិយាយថា លោកជឿជាក់ថា គោលនយោបាយរបស់គណបក្សភឿថៃ បូករួមទាំងគោលនយោបាយប្រជានិយម ដូចជា ការថែទាំសុខភាពជាសកល និងការផ្តល់ប្រាក់ឧបត្ថម្ភ ដែលទទួលបានការគាំទ្រអស់រយៈពេលជាច្រើនឆ្នាំក្នុងចំណោមប្រជាជននៅតាមតំបន់ជនបទនៃប្រទេសថៃនោះ នឹងអាចជួយឲ្យគណបក្សភឿថៃ ឈ្នះឆ្នោតម្តងទៀត។
