លោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឥណ្ឌា នៅថ្ងៃទី 4 និង 5 ខែធ្នូខាងមុខនេះ ខណៈដែលដំណើរទស្សនកិច្ចនេះ នឹងជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានាធិបតីរុស្ស៊ីរូបនេះ ចាប់តាំងពីឆ្នាំ 2021។ លោកប្រធានាធិបតី ពូទីន និងលោកនាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា ណារិនដ្រា ម៉ូឌី ត្រូវបានរំពឹងថា នឹងធ្វើការពិភាក្សាអំពីបញ្ហាជាច្រើនអំឡុងពេលទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ ដោយផ្តោតសំខាន់លើបញ្ហាភូមិសាស្ត្រនយោបាយ និងកិច្ចព្រមព្រៀងការពារជាតិដែលអាចកើតមាន ដែលក្នុងនោះ រួមមានទាំងយន្តហោះចម្បាំង និងប្រព័ន្ធការពារគ្រាប់មីស៊ីល។ សម្រាប់លោកនាយករដ្ឋមន្ត្រី ម៉ូឌី ដំណើរទស្សនកិច្ចនេះ បង្ហាញពីជម្រើសតុល្យភាពមួយ ស្របពេលដែលប្រទេសរបស់លោក កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការកាត់បន្ថយពាណិជ្ជកម្មថាមពល និងសេដ្ឋកិច្ច ជាមួយទីក្រុងមូស្គូ។
