ភ្នំពេញ ៖
ខ្យល់កន្ត្រាក់បានបោកបក់រលំដើមក្ងោក១ដើម សង្កត់លើរថយន្ត១គ្រឿង ម៉ាក Toyota Prius ពាក់ស្លាកលេខភ្នំពេញ២BY៤៤៥៨ បណ្តាលអោយរងការខូចខាត ។ ទោះបីជាយ៉ាងណា ពុំបណ្តាលឲ្យមនុស្ស រងរបួសឡើយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នៅក្បែរសួននាគបាញ់ទឹកតាមផ្លូវព្រះសីហនុ ខាងកើតវិមានឯករាជ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីភ្លៀងបានបង្អុរធ្លាក់លាយឡំទៅនិង ខ្យល់កន្ត្រាក់។
តាមព័ត៌មាន បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញស្រ្តីម្នាក់ បានបើករថយន្តមួយគ្រឿងខាងលើ ឈប់ចតនៅក្រោមដើមក្ងោកដូចសព្វដង រួចក៏ដើរហាត់ប្រាណ។
ខណៈនោះ មេឃងងឹតលាយឡំទៅនិងខ្យល់កន្ត្រាក់បណ្តាលឱ្យដើមក្ងោកមួយដើមបានដួលរលំទាំងជំហររលើងទាំងឬស សង្កត់លើរថយន្តមួយគ្រឿងបណ្ដាលឲ្យរងការខូចខាត ។
លុះក្រោយមក ភ្លៀងក៏បានបង្អុរធ្លាក់។ ទោះបីជាយ៉ាងណា នៅល្ងាចនោះដែរ ភ្លៀងធ្លាក់នៅតាមតំបន់។ តំបន់មួយចំនួនពុំមានភ្លៀងធ្លាក់ឡើយ។ ក្រោយកើតហេតុ អាជ្ញាធរក៏បានចុះ ទៅកាត់ដើមឈើនោះចេញដើម្បីសម្រួលចរាចរណ៍ឡើងវិញ៕
