ប្រតិភូកីឡាជនពិការកម្ពុជាចំនួន ៣៧នាក់បានចាកចេញពីមាតុប្រទេសរបស់ខ្លួន ដើម្បីចូលរួមការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៥ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ខណៈឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានឹងអញ្ជើញទទួលទង់ពីម្ចាស់ផ្ទះ អារ៉ាប់រួម ឆ្នាំ២០២៥ បន្តវេនធ្វើម្ចាស់ផ្ទះ សម្រាប់ឆ្នាំ២០២៩ ខាងមុខ។
ឯកឧត្តម យី វាសនា មានប្រសាសន៍ថា ពេលនេះ ជាប្រវត្តិសាស្ត្រលើកទី១ ដែលយើងបានដឹកនាំអត្តពលិកយុវជនពិការកម្ពុជាចូលរួមប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៥ នៅប្រទេសអារ៉ាប់រួម ដោយយើងបានហោះហើរទាំងក្រុមដែលមានចំនួនសរុប ៣៧នាក់ លើ៤ប្រភេទកីឡា ក្នុងនោះមានប្រតិភូ គ្រូបង្វឹក មន្ត្រីបច្ចេកទេស កីឡាករ កីឡាការិនីលើ៤ប្រភេទកីឡា រួមមាន ប្រភេទកីឡាអត្តពលកម្ម ហែលទឹក បាល់បោះជនពិការភ្នែក និងកីឡាវាយសី។
ឯកឧត្តមសង្ឃឹមថា ការចូលរួមប្រកួតកម្រិតទ្វីបអាស៊ីមួយនេះ អត្តពលិកពិការកម្ពុជានឹងអាចដណ្តើមបានលទ្ធផលល្អជាមេដាយជូនជាតិជាក់ជាមិនខាន អមជាមួយនឹងការដង្ហែរទង់បន្តវេនមកកម្ពុជា នាឆ្នាំ២០២៩ ។ នៅពេលដែលឯកឧត្តម ហ៊ុន ម៉ានី ទទួលទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៥ រួមជាមួយប្រតិភូកីឡាកម្ពុជាហើយនោះ ក្រុមប្រតិភូកីឡាកម្ពុជានឹងទទួលបានការលើកទឹកចិត្តពីសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក្នុងការទទួលស្វាគមន៍នៅទីស្តីការគណៈរដ្ឋមន្ត្រីតែម្តង ដែលជាកិត្តិយសដ៏ធំធេងសម្រាប់ជាតិ ក្នុងការបង្ហាញនៅលើឆាកអន្តរជាតិ៕
