ភ្នំពេញ៖ 

បុរសម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ក្រោយពេលជិះម៉ូតូមិនប្រយ័ត្ន ក៏ជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តសណ្តោងទូកុងតឺន័រឈប់រងចាំស្តុបយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩:០០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ចំណុចស្តុបគងណយ ស្ថិតនៅលើផ្លូវក្រវ៉ាត់ ក្រុងទី៣ សង្កាត់គងណយ ខណ្ឌដង្កោរ រាជធានីភ្នំពេញ។ សពមានឈ្មោះ សួសពៅ ភេទប្រុស អាយុ៣២ឆ្នាំ រសនៅភូមិស្រែរោង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តសណ្តោង ទូកុងតឺន័រ ក្បាលពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ព្រះសីហនុ 3A-7753 បើកបរដោយ បុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ទិសដៅពីកើតលិច ក្នុងល្បឿនលឿនមធ្យម។ លុះពេលបើកមកដល់ចំណុចកើតហេតុ រថយន្តក៏បានបង្អង់ល្បឿនឈប់រងចាំស្តុប។

ភ្លាមនោះដែរ ស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GO-3167 ជិះដោយបុរសរងគ្រោះម្នាក់ធ្វើដំណើរមកពីក្រោយ ស្របគ្នាតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ពីកើតទៅលិចក្នុងល្បឿនលឿនមិនបង្អង់ ក៏ជ្រុល ទៅបុកផ្ទប់ពីក្រោយរថយន្តកុងតឺន័រយ៉ាងពេញទំហឹង បណ្ដាលឱ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងកាត់ហេតុភ្លាមៗ។ ចំណែកឯរថយន្ត បន្តល្បឿនបើករត់រហូតមកដល់ចំណុចស្ពានអាកាសចោមចៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សិនជ័យត្រូវសមត្ថកិច្ចធ្វើការឃាត់ បានតែរថយន្តចំណែកតៃតុងរត់គេចខ្លួនបាត់ត្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់គងណយ សហការជាមួយនិងមន្ត្រីជំនាញចរាចរណ៍ ចុះមកធ្វើការពិនិត្យនិងទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងបន្តឲ្យចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាងផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយនៅ ពេលក្រោយ ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ តែប្រពៃណី ៕