កំពង់ស្ពឺ៖ 

ជនសង្ស័យជាចោរលួចម៉ូតូម្នាក់ ត្រូវបានប្រជាពលរដ្ឋនិងម្ចាស់ម៉ូតូ ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ខណៈដែលម្ចាស់ទុកម៉ូតូភ្លេចដកសោរទៅមើលម៉ាស៊ីនច្រូតស្រូវ ត្រូវបានជនសង្ស័យលួចយកបានប្រុងជិះរត់គេច ។

នគរបាលស្រុកភ្នំស្រួច បាននិយាយឱ្យដឹងថា កាលពីវេលាម៉ោង០១និង០៥នាទីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ មានឈ្មោះផុន សុភ័ក្រ្ត ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅក្នុងភូមិក្រាំងស្ពឺ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឃាត់ឈ្មោះ ហោន រតនា ភេទប្រុស អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ ក្នុងភូមិត្រពាំងគិន ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ យកមកប្រគល់ឱ្យមកសមត្ថកិច្ច ពាក់ព័ន្ធករណីលួចម៉ូតូរបស់ខ្លួន ០១គ្រឿងម៉ាកហុងដា វ៉េវ (WAVE) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ផ្លាកលេខ ព្រៃវែង 1E-1323។

នគរបាលស្រុកសំរោងទង បានបន្តថា នៅមុនពេលកើតហេតុ បុរសជាម្ចាស់បានទុកម៉ូតូនៅក្បែរស្ទឹងតូចទើបសាងសង់ខាងត្បូងភូមិក្រាំងស្ពឺ ឃុំរលាំងចក ស្រុកសំរោងទង ចម្ងាយប្រមាណ៧០០ម៉ែត្រ នៅពេលម្ចាស់ទុកចោលដោយមិនបានដកសោរ ហើយ ដើរទៅមើលម៉ាស៊ីនច្រូតស្រូវ។ ឃើញឱកាសល្អ ទំនងពេក ពេលនោះជនសង្ស័យខាងលើក៏បានធ្វើសកម្មភាពជិះព្យាយាមរត់គេច ហើយម្ចាស់ឃើញស្រែកថាចោរៗ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយតាមចាប់ខ្លួនបានតែម្តង។

នគរបាលស្រុកសំរោងទងបានបញ្ជាក់ថាក្រោយឃាត់ខ្លួនសាកសួរ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថាខ្លួនពិតជាបានលួចម៉ូតូខាងលើពិតប្រាកដមែន។ម៉ូតូត្រូវបានប្រគល់ជូនម្ចាស់វិញហើយ។  

 បច្ចុប្បន្នជនសង្ស័យ ខាងលើជំនាញ កំពុងតែធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕