អស់រយៈពេលជាង ១០ ថ្ងៃមកនេះ ប្រទេសថៃបានធ្វើការឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាឥតស្រាកស្រាន្តឡើយ។ ក្នុងនោះប្រជាជនខ្មែរដែលជាកម្លាំងជួរក្រោយ ទាំងក្នុងស្រុក និងក្រៅស្រុក ក៏បានប្រមូលផ្តុំគ្នាផងដែរ ដោយមានកាន់ផ្ទាំងបដា ឈរស្រែកតវ៉ាទាមទារកភាពត្រឹមត្រូវ ស្អាតស្អំ និងជាពិសេសការចង់បានសន្តិភាពឱ្យកម្ពុជា ប្រឆាំងពីការវាយប្រហារយ៉ាងសហាវយង់ឃ្នងរបស់ថៃ។ យ៉ាងណាមិញ តារាចម្រៀងជួរមុខកម្ពុជា អ្នកនាង ម៉េង កែវពេជ្ជតា មិនខុសពីប្រជាពលរដ្ឋដទៃនោះដែរ ដោយកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ មហាជនសង្កេតឃើញថា តារាចម្រៀងស្រីខាងលើបានបង្ហាញវត្តមាន ជាមួយបងប្អូនខ្មែរផ្សេងទៀតដែលរស់នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បានជួបជុំគ្នាយ៉ាងច្រើនកុះករ ស្រែកទាមទារកយុត្តិធម៌ឱ្យប្រទេសកម្ពុជា ដែលជាប្រទេសកំណើតរបស់ខ្លួន។

ក្នុងនោះ តារាចម្រៀងស្រីដែលគេប្រសិទ្ធិនាមឱ្យថាជារាជនីសំឡេងមាសរូបនេះ ក៏បានអំពាវនាវឱ្យប្រទេសថៃគោរពបទឈប់បាញ់តាមកិច្ចព្រមព្រៀង ថែមទាំងបានទទូចស្នើរសុំឱ្យអន្តរជាតិជួយប្រទេសកម្ពុជា ដែលជាប្រទេសរងគ្រោះពីការឈ្លានពានរបស់ប្រទេសថៃ ខណៈពេលដែលកម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព និងមិនមែនជាប្រទេសដែលបង្កសង្គ្រាមមុននោះទេ៕