កំពង់ស្ពឺ៖
យុវជនម្នាក់ ត្រូវបានសន្តិសុខរោងចក្រ ធ្វើការឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច នគរបាលស្រុកសំរោងទង ខណៈដែលមកធ្វើតេស្តការងារ ឃើញម៉ូតូជនរងគ្រោះភ្លេច ដកសោរ រពឹសដៃលួចជិះយកទៅផ្ញើផ្ទះអ្នកស្គាល់គ្នា។ បានមួយសន្ទុះ ក៏ខ្ចីម៉ូតូអ្នកស្គាល់គ្នានោះ មកក្នុងរោងចក្រម្តងទៀត ក៏ត្រូវបានសន្តិសុខ ឃាត់ខ្លួនតែម្តង។
ការឃាត់ខ្លួនយុវជនលួចម៉ូតូនោះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងរោងចក្រ យីហោ អេសអេសអេច ស៊ីប៊ី សឺស្តែនណេប៊ល ហ្វេសិន ឯ.ក ស្ថិតនៅក្នុងភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទង បាននិយាយឱ្យដឹងថាកាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ មានឈ្មោះ ប៉ាត លីម ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិត្រពាំងកកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តួនាទីជាសន្តិសុខយាម នៅក្នុងរោងចក្រ យីហោ អេសអេសអេច ស៊ីប៊ី សឺស្តែនណេប៊ល ហ្វេសិន ឯ.ក ស្ថិតនៅក្នុង ភូមិព្រៃសាលា ឃុំរលាំងគ្រើល បានឃាត់ខ្លួនឈ្មោះ កឹម សីហា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រគល់មកឱ្យ សមត្ថកិច្ចនគរបាលពាក់ព័ន្ធករណីបន្លំលួចយកម៉ូតូ ។
បើតាមការរៀបរាប់របស់សន្តិសុខរោងចក្រខាងលើ បានប្រាប់នគរបាលស្រុកសំរោងទងឱ្យដឹងថា កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ឈ្មោះ កឹម សីហា បានជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1LF-3416 មកធ្វើតេស្តការងារនៅរោងចក្រខាងលើ ហើយបានផ្ញើម៉ូតូនៅរោងសន្តិសុខ ក្នុងរោងចក្រ។
ក្រោយពេលធ្វើតេស្តការងារមិនជាប់ ក៏ដើរមកយកម៉ូតូវិញ ឃើញមានម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1KH-5263 ដែលជារបស់ឈ្មោះ មាស រ៉ន ភេទស្រី អាយុ៤៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុង ភូមិព្រៃសាលា ឃុំរលាំងគ្រើល ទុកនៅក្បែរម៉ូតូរបស់ខ្លួន ភ្លេចដកសោរម៉ូតូ ។
ពេលនោះយុវជនសង្ស័យខាងលើ ក៏បានជិះម៉ូតូជនរងគ្រោះចេញពីរោងចក្រមកផ្ញើនៅផ្ទះរបស់ឈ្មោះ ពៅ ពីន ហៅចំរើន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ លុះរហូតដល់ម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ យុវជនសង្ស័យឈ្មោះ កឹម សីហា បានសុំខ្ចីម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥បិតឡើងតែមស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1CQ-1740 ពីឈ្មោះ ពៅ ពីន ដោយប្រាប់ថាទៅយកប្រពន្ធនៅក្នុងរោងចក្រ។ពេលជិះមកដល់ក្នុងរោងចក្រខាងលើវិញ សន្តិសុខដែលយាមនៅក្នុងរោងចក្រ ក៏បាន ឃាត់ខ្លួនតែម្តង។
នគរបាលស្រុកសំរោងទង បានបញ្ជាក់ថា÷ក្រោយឃាត់ខ្លួនយុវជនដែលជាជនសង្ស័យ ខាងលើ ពេលនោះ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួច ម៉ូតូជនរងគ្រោះពិតប្រាកដមែន។ សមត្ថកិច្ចនគរបាលបានធ្វើការដកហូតវត្ថុតាង ម៉ូតូម៉ាក ហុងដាសេ១២៥ ចំនួន០២គ្រឿង និងម្សៅក្រាមសថ្លាសង្ស័យថាជាគ្រឿងញៀន ចំនួន០១ កញ្ចប់តូចផងដែរ។
បច្ចុប្បន្ន យុវជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបាននគរបាលស្រុកសំរោងទង ធ្វើការឃាត់ ខ្លួន សួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
