បាត់ដំបង៖ 

រថយន្តវេអងធុនធំ០១គ្រឿងសង្ស័យតៃកុងងងុយដេកបានរ៉េចង្កូតធ្លាក់ផ្លូវនិងបន្តទៅបុករះផ្ទះប្រជាពលរដ្ឋខូចខាតអស់០២ខ្នងនៅវេលាម៉ោង០៧និង២០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី០៤ ស្ថិតក្នុងភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងខាងលើនេះដំបូងឡើយគេឃើញរថយន្តវេអង០១គ្រឿងដែលមានផ្លាកលេខខាងមុខ ភ្នំពេញ3A-8954 និងខាងក្រោយ កំពង់ចាម4A-0784 បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ តៃកុងងងុយដេកមួយភាំងបានរ៉េចង្កូតធ្លាក់ផ្លូវទៅបុកដើមឈើនិងស្លាកសញ្ញាចរាចរណ៍ មួយផ្ទាំង និងបន្តទៅបុករះផ្ទះប្រជាពលរដ្ឋខូចខាតអស់០២ខ្នង ព្រមទាំងម៉ូតូនិងរបងផងដែរ តែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ប៉ះពាល់ដល់មនុស្សឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះមកពិនិត្យនិងធ្វើកំណត់ហេតុស្តីពីផលប៉ះពាល់ដើម្បីអោយម្ចាស់ក្រុមហ៊ុនរថយន្តរ៉ាប់រងសំណងថ្លៃប៉ះពាល់ខាងលើផងដែរ៕