សហព័ន្ធខ្មែរកីឡាហាប់គីដូបានធ្វើពិធីប្រគល់លិខិតបញ្ជាក់ វិញ្ញាបនបត្រ និងសញ្ញាបត្រសម្រាប់ម្ចាស់ខ្សែក្រវាត់ចំនួន៣ពណ៌ជូនដល់កីឡាករ កីឡាការិនីខ្លួន កាលពីល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីខិតខំប្រឹងប្រែងហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសនៃកម្រិតនីមួយៗ។

លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរកីឡាហាប់គីដូ តំណាងលោកឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិស្សគុនទាំងអស់ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ជាច្រើនខែ និងជាង១ឆ្នាំនៃកម្រិតនីមួយៗ រហូតដល់ទទួលបានការបញ្ជាក់ពីសហព័ន្ធ។ បន្ថែមពីលើនេះ លោក គួច ហុងជៀក បានជំរុញ និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់បន្តការខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យមានគុណភាពបច្ចេកទេសកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីទទួលការបញ្ជាក់វិញ្ញាបនបត្រ និងសញ្ញាបត្រតំឡើងកម្រិតខ្សែក្រវាត់ខ្ពស់ៗជាងនេះបន្ថែមទៀ នាពេលខាងមុខ។

ជាមួយគ្នានេះ លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូមានប្រសាសន៍ថា សម្រាប់កម្រិតខ្សែក្រវាត់បៃតងទទួលបានលិខិតបញ្ជាក់ ខ្សែក្រវាត់ត្នោតទទួលបានវិញ្ញាបនបត្រ និងខ្សែក្រវាត់ខ្មៅទទួលបានសញ្ញាបត្រ។ ទាក់ទងនឹងលក្ខខណ្ឌនៃការបញ្ជាក់ពីកម្រិតសមត្ថភាព លោកអគ្គលេខាធិការបានឱ្យដឹងថា សម្រាប់ការទទួលបានលិខិតបញ្ជាក់ពេលនេះ គឺកីឡាករកីឡាការិនីត្រូវឆ្លងកាត់ការហ្វឹកហាត់រយៈពេល៦ខែ។ ចំណែកការទទួលបានវិញ្ញាបនបត្រត្រូវហ្វឹកហាត់រយៈពេលមួយឆ្នាំ និងការទទួលបានសញ្ញាបត្រត្រូវហ្វឹកហាត់មួយឆ្នាំកន្លះ។ បន្ទាប់ពីការហ្វឹកហាត់នេះដែរ កីឡាករកីឡាការិនីក៏ត្រូវមានសមត្ថភាពដល់កម្រិត ដែលទទួលស្គាល់ពីគ្រូបង្ហាត់ផងដែរ។

គួរបញ្ជាក់ថា កីឡាករ កីឡាការិនី ដែលទទួលលិខិតបញ្ជាក់ខ្សែក្រវាត់បៃតងមានកីឡាករ៣នាក់ កីឡាការិនី៣នាក់ សរុប៦នាក់។ វិញ្ញាបនបត្រខ្សែក្រវាត់ត្នោតមានកីឡាករ៨នាក់ កីឡាការិនី២នាក់ សរុប១០នាក់ និងសញ្ញាបត្រខ្សែក្រវាត់ខ្មៅ មានកីឡាករ៤នាក់ និងកីឡាការិនី៥នាក់ សរុប៩នាក់៕