កណ្តាល៖ 

ឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន ដែលបណ្តាលអោយជនសង្ស័យហ៊ាន គម្រាមថានឹងសម្លាប់ជីតានិងម្តាយមីង  ទាំងធ្វើអោយខូចខាតដោយចេតនា ដែលខ្លួនធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ តែពេលចេញមកវិញមិនរាងចាលនូវកំហុសឆ្គងដដែល ត្រូវសមត្ថកិច្ចឃាត់ខ្លួនម្តងទៀត ហើយ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីថ្ងៃទី០៣ខែធ្នូឆ្នាំ២០២៥ នៅចំណុចភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។

ប្រភពសមត្ថកិច្ចមូលដ្ធាន បានប្រាប់អោយដឹងថា÷ស្ត្រីរងគ្រោះមានឈ្មោះ ច្រាយ ច្រាង អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ (ត្រូវជាមីងបង្កើត) ចំនែកជនសង្ស័យ ត្រូវជាក្មួយនោះ មានឈ្មោះឈីម ទី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មិនពិតប្រាកដ មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលមួយលើក ពីបទធ្វើអោយខូចខាតដោយចេតនា និងមានទីលំនៅជាប់របងផ្ទះម្តាយមីង ក្នុងភូមិឃុំកើហេតុ ។ ចំពោះវត្ថុតាងចាប់យក៖ ដុំថ្ម(ឥដ្ឋការ៉ូឡា)ចំនួន០២ដុំ,ឥដ្ឋប្រហោងចំនួន០១ចំហៀង។ 

សមត្ថកិច្ចបន្តទៀតថា÷ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំនិងតែងតែគំរាមកំហែង រកកាប់សម្លាប់ជនរងគ្រោះជាញឹកញាប់។ លុះនៅវេលាកើតហេតុ  ជនរងគ្រោះកំពុងដាំបាយ  ក៏ឃើញជនសង្ស័យដើរចូលមកសុំលុយ តែជនរងគ្រោះមិនមានលុយអោយ  ហើយជនសង្ស័យក៏បានទៅសុំលុយជីតាថែមទៀត តែជីតាក៏មិនមានលុយអោយ  ក៏ស្រាប់តែជនសង្ស័យខឹងច្រឡោត ទាញបានដុំឥដ្ឋ(ការ៉ូឡានិងឥដ្ឋប្រហោង ) គម្រាមគប់ជនរងគ្រោះ ម្តាយមីងនិងជីតា  និងថែមទាំងបានយករទេះរុញរបស់ជីតា បោកចោលថែមទៀត ហើយជនសង្ស័យបានស្រែកគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះ និងស្រែកគំរាមរកដុតផ្ទះចោល ។

ដោយទ្រាំនិងទង្វើរបស់ជនសង្ស័យមិនបាន ស្ត្រីរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិលអោយជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យបានឆ្លើយសារភាពថា÷ខ្លួនពិតជាបានប្រព្រឹត ដូចពាក្យបណ្តឹងរបស់ ជនរងគ្រោះពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕