លោកប្រធានាធិបតីប្រទេសបារាំង អ៊ែមម៉ានូអែល ម៉ាក្រុង រួមជាមួយដៃគូអឺរ៉ុបផ្សេងទៀតបានបង្ហាញពី «សាមគ្គីភាពពេញលេញ» លើបញ្ហាតំបន់ ហ្រ្គីនលេន បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់លោក ឲ្យដណ្តើមកាន់កាប់ទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាកមួយនេះ។ មេដឹកនាំអឺរ៉ុបបាននិយាយថា តំបន់ហ្គ្រីនឡែន ជាកម្មសិទ្ធិរបស់ប្រជាជនរបស់ខ្លួន ហើយប្រទេសដាណឺម៉ាក ឈរជាអ្នកធានា។ គួរបញ្ជាក់ផងដែរថា ការតែងតាំងបេសកជនប្រចាំការនៅតំបន់ ហ្រ្គីនលេន របស់លោកប្រធានាធិបតី ត្រាំ បានបង្កឲ្យមានប្រតិកម្មការទូតយ៉ាងខ្លាំង ខណៈដែលអាមេរិក ត្រូវបានចោទប្រកាន់ពីបទមានបំណងប្លន់យកកោះដែលសម្បូរទៅដោយធនធានរ៉ែមួយនេះ។ តំបន់ ហ្រ្គីនលេន ដែលជាអតីតអាណានិគមរបស់ប្រទេសដាណឺម៉ាក ត្រូវបានផ្តល់ឲ្យមានការគ្រប់គ្រងដោយអាជ្ញារក្នុងស្រុកកាលពីឆ្នាំ 1979។ នៅឆ្នាំ 2009 ប្រទេសដាណឺម៉ាក បានអនុម័តច្បាប់ស្តីពីរដ្ឋាភិបាលខ្លួនឯងរបស់តំបន់ ហ្រ្គីនលេន ដោយពង្រីកអំណាចរបស់កោះនេះ លើកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ តែទោះបីជាយ៉ាងណាក៏ដោយ ប្រទេសដាណឺម៉ាក នៅតែរក្សាអំណាចលើគោលនយោបាយការបរទេស ការពារជាតិ និងសន្តិសុខរបស់តំបន់ ហ្រ្គីនលេន។ តំបន់នេះ ក៏មានមូលដ្ឋានយោធាអាមេរិក ហើយចាប់តាំងពីឡើងកាន់តំណែង លោកប្រធានាធិបតី ត្រាំ បានគំរាមម្តងហើយម្តងទៀតថានឹងដណ្តើមគ្រប់គ្រងកោះនេះ បើទោះបីជាត្រូវប្រើប្រាស់កម្លាំងក៏ដោយ។
