ថ្មីៗនេះមហាជនបានលើកមតិសរសើរទៅកាន់ ពិធីការិនី និងតារាសម្តែង ណា សាឌី ដែលត្រូវបានគេដឹងថាជាកូនកាត់ខ្មែរថៃ បន្ទាប់ពីនាងបានបង្ហោះសំណេរមួយចំនួននៅលើបណ្តាញសង្គមហ្វេសប៊ុក ជុំវិញស្ថានការណ៍ដ៏តានតឹងនៅតាមជួរបន្ទាត់ព្រំដែនរវាងប្រទសកម្ពុជា និងប្រទេសថៃ។ តារាស្រីរូបនេះនិយាយទាំងមិនស្ទាក់ស្ទើរថា ទោះបីជានាងមានឈាមជ័រពាក់កណ្តាលខ្មែរថៃក្តី ក៏ប៉ុន្តែកម្ពុជាគឺជាមាតុភូមិរបស់នាងតែមួយគត់។ តារាស្រីរូបនេះបន្តថា នាងហ៊ានប្រឈមមុខ និងហ៊ាននិយាយពីមាតុភូមិកម្ពុជា ដោយមិនខ្លាចប្រទេសចោរសៀមជាដាច់ខាត។ ណា សាឌី ក៏បានរៀបរាប់ផងដែរថា៖ «លោកប៉ាខ្ញុំជាជនជាតិថៃ លោកនៅខ្មែរជាង ៣០ ឆ្នាំហេីយ គាត់ថាពេលនេះខ្ញុំបានធ្វេីរឿងដែលល្អបំផុត រឿងដែលគាត់ចង់ឃេីញ។ ប៉ាខ្ញុំស្រលាញ់ខ្មែរណាស់ គាត់ដឹងគុណកម្ពុជា»។ នាងក៏បានបញ្ជាក់បន្ថែមថា៖ «សព្វថ្ងៃនេះប៉ាខ្ញុំនៅជាមួយខ្ញុំផ្ទាល់ មិនបាននៅប្រទេសសៀមទេ គាត់នៅខ្មែរយូរហេីយ ខ្ញុំជឿជាក់ថាបេះដូងកម្ពុជាល្អណាស់ មិនបានរេីសអេីងគាត់ទេ»។
ក្រោយពេលបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន និងបង្ហាញជំហរឈរនៅខាងកម្ពុជាបែបនេះ ណា សាឌី ទទួលបានការសាទរជាខ្លាំងពីសាធារណជន ក្នុងនោះក៏មានមតិមួយចំនួនរបស់បងប្អូនខ្មែរផងដែរ ដែលមានការលើកឡើងស្រដៀងគ្នានេះថា ឱ្យចេះធ្វើការបែងចែករវាងនយោបាយ និងប្រជាជន។
សូមបញ្ជាក់ថា តារាស្រី ណា សាឌី ក៏មិនខុសពីអ្នកសិល្បៈ និងសាធារណជនផ្សេងទៀតនោះទេ ដោយនាងបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារសង្គម ដើម្បីជួយដល់វីរកងទ័ព និងជនភៀសសឹក ដែលរត់គេចពីការឈ្លានពានរបស់ថៃ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃមកនេះ៕
