ភ្លើងសង្គ្រាមដែលថៃបានបង្កយ៉ាងធ្ងន់ធ្ងរជាលើកទីពីរមកលើកម្ពុជា កាលពីអំឡុងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានរីករាលដាលស្ទើរតែទាំងស្រុងនៅតាមជួរបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។ ការលួចវាយប្រហារពីសំណាក់យោធាថៃ បានធ្វើឱ្យកងទ័ព និងប្រជាពលរដ្ឋខ្មែរស្លូតត្រង់ បានស្លាប់ និងរងរបួសយ៉ាងច្រើនផងដែរ។ ដោយមើលឃើញពីការលះបង់សាច់ស្រស់ឈាមស្រស់របស់វីរៈកងទ័ពខ្មែរ និងការឈឺចាប់របស់ជនភៀសសឹក តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ផ្តាំកូនផ្តាំចៅយ៉ាងដូច្នេះថា៖ «វាជាមេរៀនពេលកូនធំឡើង កូនត្រូវខ្លាំងខ្លួនឯងកុំពឹងអ្នកណាទាំងអស់ ព្រោះនៅថ្ងៃចុងក្រោយបំផុតជៀសមិនរួចទេគេនឹងប្រមាថកូន។ មិនមែនជាសាច់គេ គេមិនដឹងឈឺទេកូន ត្រឹមតែមានបំពង់ក ដើម្បីមកបន្លឺសំឡេង ឥតជាផលលំបាកសម្រាប់គេទេ កុំជឿជាក់មេឃកុំទុកចិត្តផ្កាយ កុំអង្វរគេ កូនត្រូវក្រោកហើយតស៊ូដោយខ្លួនឯង ស្មារតីកម្លាំងយើង គឺយកបេះដូងនិងតំណក់ឈាមមកបង្កើត»។
តារាចម្រៀងរូបនេះបន្តថា៖ «យើងនឹងឆ្លងផុតនូវកាលៈទេសៈដ៏អាក្រក់មួយនេះ ទេវតាដល់ពេលលោកដាក់ទោសចោរសៀមហើយ និយាយលែងចេញគ្រាន់តែឃើញដ្រូនហោះលើក្បាលខ្ញុំស្លុតណាស់ ចុះទម្រាំបងប្អូនយើងរត់គេចពីគ្រាប់របស់ចោរសៀម តើ គាត់ភ័យយ៉ាងណា?»។
យ៉ាងណាមិញ បន្ទាប់ពី ទេព បូព្រឹក្ស បានបង្ហោះសំណេរខាងលើនេះនៅលើបណ្តាញសង្គម ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍ឈឺចាប់ដូចទៅនឹងតារាចម្រៀងរូបនេះផងដែរ។
ដ្បិតថា ឈឺចាប់នឹងការឈ្លានពានរបស់ថៃក៏ពិតមែន ប៉ុន្តែតារាចម្រៀង ទេព បូព្រឹក្ស និងស្វាមី លោក ជី ដេវីត ក៏មិនភ្លេចផងដែរនូវការជួយដល់វីរៈកងទ័ពខ្មែរ និងជនភៀងសឹក តាមរយៈផ្តល់ជាជំនួយផ្សេងៗ ក្រោមមូលនិធិ «អ្នកចម្បាំងឈាមខ្មែរ»៕
