កណ្តាល៖
ជនសង្ស័យជាក្មេងទំនើង២ក្រុម មានគ្នីគ្នាសរុបចំនួន១១នាក់ (រត់គេចខ្លួនម្នាក់) ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន១០នាក់ ករណីហិង្សាទៅវិញទៅមក ដោយហេតុការណ៍ បានកើតឡើងនៅវេលាម៉ោង ១៥និង៥៥នាទីថ្ងៃទី២៣ខែធ្នូឆ្នាំ២០២៥នៅចំណុចបន្ទប់ជួលស្ថឹតក្នុងភូមិខ្ពប់វែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
លោកវរៈសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថាជនសង្ស័យក្រុមទី១ មានចំនួន០៥នាក់ភេទប្រុស ជាជនជាតិខ្មែរ មានអាយុចន្លោះពី១៧ឆ្នាំដល់១៨ឆ្នាំ ខ្លះគ្មានមុខរបរ ខ្លះជាសិស្ស និងខ្លះជាអ្នកដឹកជញ្ជូននិងមានទីលំនៅជាមួយគ្នាក្នុងភូមិព្រែកសំរោង(២) សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
លោកអធិការ បានបញ្ជាក់បន្ថែមថាតាមពិត ក្រុមក្មេងទំនើងទាំង២ក្រុម ជាមិត្តភក្តិនិងគ្នាយូរមកហើយ តែនៅវេលាកើតហេតុ ក្រុមជនសង្ស័យទី១ មានគ្នាចំនួន០៥នាក់ បានស្នាក់នៅបន្ទប់ជួលរួមគ្នា ក៏មានជនសង្ស័យក្រុមទី២ មានគ្នា២នាក់បានជិះម៉ូតូ មកដល់បន្ទប់ជួល រោទ៍សម្លេងម៉ូតូនិង ជិះ២ទៅ៣ជុំ បណ្តាលអោយ ក្រុមទី០១ខឹងស្តីបន្ទោសអោយ រួចជនសង្ស័យ ក្រុមទី០២ ក៏ជិះម៉ូតូទៅតារាងបាល់ ខលទូរសព្ទ័ប្រមូលគ្នីគ្នាបានចំនួន១០នាក់ ស្របពេលនោះក្រុមទី០១ បានទូរសព្ទ័ណាត់អោយ ក្រុមទី០២ មកវាយគ្នា ០១ស្មើ នៅមុខបន្ទប់ជួល បន្ទាប់មក ក្រុមទី០២ ក៏នាំគ្នាជិះម៉ូតូទៅដល់ទីតាំងកើតហេតុ ហិង្សាវាយតបគ្នាទៅវិញទៅមក ក៏ចាប់ផ្តើម ដោយ អ្នកប្រយុទ្ធផ្ទាល់មានឈ្មោះ ភា គីមហេង (ក្រុមទី០១) វាយ០១ស្មើ ជាមួយឈ្មោះ សារឿន ពិសាល (ក្រុមទី០២) ក្រៅពីនោះខ្លះបានថតសកម្មភាពវាយគ្នា ខ្លះឈរមើល និងខ្លះចូលទៅឃាត់ ក៏មានប្រជាពលរដ្ឋដែលនៅក្បែរបានរាយការណ៍មកកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅចុះអន្តរាគមន៏ ដោយក្មេងទំនើងខ្លះបានរត់គេច និងឃាត់ខ្លួនបានចំនួន១០នាក់ នាំមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរក្រុមបានឆ្លើយសារភាពថា . ពួកខ្លួនពិតជាបានប្រើអំពើហិង្សាដោយចេតនាទៅវិញទៅមក ប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕
