យោងតាមសេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយកាលពីថ្ងៃចន្ទ ទី15 ខែធ្នូដើមសប្តាហ៍នេះ មេដឹកនាំសហរដ្ឋអាមេរិក និងអឺរ៉ុប បានប្តេជ្ញាធ្វើការរួមគ្នា ដើម្បីផ្តល់ការធានាសន្តិសុខដ៏រឹងមាំមួយ និងការគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញសម្រាប់ប្រទេសអ៊ុយក្រែន ក្នុងបរិបទនៃកិច្ចព្រមព្រៀងមួយ ស្តីពីការបិទបញ្ចប់សង្គ្រាមរយៈពេលជិត 4 ឆ្នាំមួយនេះ។ សេចក្តីថ្លែងការណ៍នេះត្រូវបានចុះហត្ថលេខាដោយមេដឹកនាំនៃប្រទេសអាល្លឺម៉ង់ បារាំង ចក្រភពអង់គ្លេស អ៊ីតាលី ប៉ូឡូញ ហ្វាំងឡង់ ន័រវែស ស៊ុយអែត ហូឡង់ និងសហភាពអឺរ៉ុប បន្ទាប់ពីការចរចាអស់រយៈពេល 2 ថ្ងៃនៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ជុំវិញផែនការសន្តិភាព សម្រាប់បញ្ចប់សង្រ្គាមនៅប្រទេសអ៊ុយក្រែន។ យោងតាមសេចក្តីថ្លែងការណ៍ មេដឹកនាំបានឯកភាពគ្នាថា ការធានាសន្តិសុខ អធិបតេយ្យភាព និងវិបុលភាពរបស់អ៊ុយក្រែន គឺជាកត្តាសំខាន់សម្រាប់សន្តិសុខ នៅតំបន់អឺរ៉ុប និងអាត្លង់ទិក។ កិច្ចព្រមព្រៀងទីក្រុងប៊ែរឡាំង ក៏បានសន្យាគាំទ្រជាបន្តបន្ទាប់ ដើម្បីកសាងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន ក្នុងកម្រិតសន្តិភាពចំនួន 80 ម៉ឺននាក់ ខណៈដែល «កងកម្លាំងពហុជាតិអ៊ុយក្រែន» ដែលដឹកនាំដោយអឺរ៉ុប ដែលរួមបញ្ជូលប្រទេសដែលមានឆន្ទៈក្នុងក្របខ័ណ្ឌនៃសម្ព័ន្ធភាព នឹងត្រូវបានបង្កើតឡើង ដើម្បីជួយបង្កើតឡើងវិញនូវកម្លាំងយោធារបស់អ៊ុយក្រែន ធានាសុវត្ថិភាពផ្លូវអាកាសរបស់អ៊ុយក្រែន និងគាំទ្រដល់ផ្លូវសមុទ្រដែលមានសុវត្ថិភាពជាងមុន។