ភ្នំពេញ ៖ 

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំ ពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។

ក្នុងសេចក្តីណែនាំថ្មីនេះ ធនាគារជាតិនៃកម្ពុជា ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះដល់ជនភៀសសឹក តាមរយៈលើកលែងការផាកពិន័យ, ការទូទាត់សងការប្រាក់ និងពន្យារសងប្រាក់ដើម រហូតដល់ចុងខែមីនា ឆ្នាំ២០២៦។

ធនាគារជាតិបញ្ជាក់ថា ការណែនាំថ្មីនេះ ឆ្លើយតបនឹងការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកដល់យោធិន ដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។

ធនាគារជាតិនៃកម្ពុជាណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹកដោយ៖

* លើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទានចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និង

* លើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើមចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា តម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តអនុវត្តការរៀបចំឥណទានឡើងវិញចំពោះ អតិថិជនផ្សេងទៀត ស្របតាមបទប្បញ្ញត្តិជាធរមាន និង លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះពិសេសបន្ថែមទៀត តាមលទ្ធភាពជាក់ស្តែងដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ និងយោធិន ដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ៕