តុលាការកំពូលរបស់ប្រទេសម៉ាឡេស៊ី គ្រោងនឹងចេញសាលក្រមនៅថ្ងៃសុក្រ ទី26 ខែធ្នូស្អែកនេះ នៅក្នុងការកាត់ក្តីដ៏ធំបំផុតលើអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺលោក ណាជីប រ៉ាហ្សាក់ ជុំវិញរឿងអាស្រូវអំពើពុករលួយនៅក្រុមហ៊ុន 1MDB ដែលជាមូលនិធិរដ្ឋដែលលោកបានសហបង្កើតឡើងកាលពីឆ្នាំ 2009។ យោងតាមអ្នកស៊ើបអង្កេតអាមេរិកបានបញ្ជាក់ថា យ៉ាងហោចណាស់ទឹកប្រាក់ប្រមាណ 4.5 ពាន់លានដុល្លារ ត្រូវបានកេងប្រវ័ញ្ចពីក្រុមហ៊ុន 1MDB ដោយមន្ត្រីជាន់ខ្ពស់ និងសហការីរបស់ពួកគេ ហើយប្រាក់ប្រមាណ 1 ពាន់លានដុល្លារត្រូវបានចោទប្រកាន់ថាបានហូរចូលទៅក្នុងគណនីធនាគារដែលគ្រប់គ្រងដោយលោក ណាជីប នេះ។ គួរបញ្ជាក់ផងដែរថា លោក ណាជីប ត្រូវបានរកឃើញថាមានទោសពីបទអំពើពុករលួយ និងលាងលុយកខ្វក់ក្នុងឆ្នាំ 2020 ហើយពីរឆ្នាំក្រោយមក លោកបានក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីដំបូងគេ ដែលជាប់ពន្ធនាគារ បន្ទាប់ពីចាញ់បណ្តឹងឧទ្ធរណ៍ ដោយលោកអាចនឹងប្រឈមមុខនឹងការជាប់ពន្ធនាគារអតិបរមា 20 ឆ្នាំលើបទចោទប្រកាន់នីមួយៗ ក៏ដូចជាការពិន័យជាទឹកប្រាក់ រហូតដល់ប្រាំដងនៃទំហំនៃប្រាក់ដែលបានកេងប្រវ័ញ្ច។