បន្ទាប់ពីប្រទេសថៃបានបើកការវាយប្រហារមកលើប្រទេសកម្ពុជាយ៉ាងខ្លាំងក្លា កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ កន្លងមកនេះ បានធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន សម្រេចចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេភ្លាមៗ ដើម្បីទៅកាន់ទីកន្លែងមានសុវត្ថិភាព។ ក្នុងនោះផង ឃើញថាពួកយោធាថៃបានប្រើប្រាស់អាវុធគ្រប់ធុន កម្ទេចទ្រព្យសម្បត្តិ និងលំនៅដ្ឋាន របស់ប្រជាពលរដ្ឋខ្មែរអស់ជាច្រើនខ្នង។ មិនតែប៉ុណ្ណោះ បញ្ហាសង្គ្រាមនេះ ក៏បានប៉ះពាល់ដល់ការសិក្សារបស់ក្មេងៗ ក្នុងវ័យដែលពួកគេកំពុងក្រេបជញ្ជក់យកចំណេះដឹង បែរជាមកជួបនូវហេតុការណ៍បែបនេះ។ ដោយក្តីស្រណោះ និងអាណិតស្រឡាញ់ តារាបង្ហាញម៉ូត ដែលល្បីរឿងកិច្ចការងារសង្គម កញ្ញា កុយ អេនណា បានធ្វើការឧបត្ថមទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ ដែលទទួលបានពីការបរិច្ចាគរបស់ពុកម៉ែបងប្អូននៅទូទាំងប្រទេស ក្នុងគម្រោងដើរថ្មើរជើងពីភ្នំពេញទៅកាន់ខេត្តសៀមរាបនាពេលកន្លងមក។ ការផ្តល់នូវទឹកប្រាក់ដ៏ច្រើនរបស់ អេនណា គឺធ្វើដើម្បីកុមារកម្ពុជា ដែលកំពុងរងគ្រោះ និងជួបទុក្ខលំបាក ដោយសារការឈ្លានពានពីប្រទេសថៃ នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ និងដើម្បីបម្រុង សម្រាប់ការចុះជួយទៅកាន់ពួកគេដោយផ្ទាល់ លើផ្នែកថវិកា ស្មារតី និងការអប់រំ។

សូមបញ្ជាក់ថា កន្លងមក តារាសម្តែង និងបង្ហាញម៉ូតរូបនេះ ធ្លាប់ធ្វើកម្មវិធីសប្បុរសធម៌ជាច្រើន នៅតាមទីកន្លែងដែលមានការខ្វះខាតជាដើម។ តួយ៉ាង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ កញ្ញា កុយ អេនណា ក៏បានធ្វើការបរិច្ចាគផងដែរនូវទឹកប្រាក់ចំនួន ១ម៉ឺន ៥ពាន់ដុល្លារ ទៅកាន់សមាគមតន្ត្រីសំនៀងជនពិការ៕