បាត់ដំបង! 

យុវជនម្នាក់បានរងរបួសធ្ងន់ក្រោយជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកខឿនសួនផ្លូវនៅវេលាម៉ោង ១៩និង១០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី២ ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងខាងលើនេះ ដំបូងឡើយគេឃើញម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២៥ (គ្មានផ្លាកលេខ) មួយគ្រឿងបើកបរដោយឈ្មោះ សុខ សោភ័ណ្ឌ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបឹងព្រែក ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកខឿនសួនផ្លូវបណ្តាលអោយរងរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះមកដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំណែកម៉ូតូត្រូវបានកម្លាំងផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលស្រុកសង្កែយកទៅរក្សាទុកផងដែរ៕