លោក ខាលីល អាល់ហាយ៉ា មេដឹកនាំក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បានបញ្ជាក់អំពីការស្លាប់របស់លោក រ៉ាអេដ សាអេដ ដែលជាមេបញ្ជាការជាន់ខ្ពស់មួយរូបរបស់ក្រុមនេះ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលនេះ ជាការវាយប្រហារសម្លាប់បុគ្គលជាន់ខ្ពស់របស់ក្រុមហាម៉ាស ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលាកន្លងទៅ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊េនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ អីស្រាអែល ខាត់ បានបញ្ជាក់ថា លោក សាអេដ ត្រូវបានកំណត់គោលដៅវាយប្រហារ បន្ទាប់ពីលោកបានបញ្ជារឲ្យយុទ្ធជនក្រុមហាម៉ាស បើកការវាយប្រហារលើទាហានអីស្រាអែល 2 នាក់។