កណ្តាល៖ 

បុរសម្នាក់ បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹង បញ្ជូនតាមរថយន្តសាមុយទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ  ខណ:ជនរងគ្រោះប្រុសស្រី ០៤នាក់ទៀតរងរបួសស្រាល ( មានកុមារតូចៗ០២នាក់ ) ដឹកតាមម៉ូតូផាស់ស្អាប់ ទៅឃ្លីនិកឯកជន  ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៩និង៤០នាទី ថ្ងៃទី២០ខែធ្នូឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ 21(ទួលក្រសាំង មុខរោងចក្រតុក្កតា ) ស្ថិតក្នុងភូមិព្រែកសំរោង(៣) សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រភពពីសមត្ថកិច្ច បានប្រាប់អោយដឹងថា÷នៅវេលាកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HX-8163 បើកបរដោយឈ្មោះ ប៉ូ ផាណុយ ភេទប្រុសអាយុ២២ឆ្នាំ(ពាក់មួកសុវត្ថិភាព-របួសធ្ងន់) បើកបរម៉ូតូមានទិសដៅពីជើងទៅត្បូង ពេលបើកមកដល់កន្លែងកើតហេតុ  ក៏បានជ្រុលទៅបុក ពីក្រោយម៉ូតូមួយគ្រឿងទៀត(ស្របទិសគ្នា) បម្រុងបត់ឆ្វេងមានម៉ាក HONDA DREAM C125 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1CN-3066 បើកបរដោយឈ្មោះ អ៊ុក រ៉ាវ៉ាន់ ភេទប្រុសអាយុ ៣៤ឆ្នាំ និងមាន អ្នករួមដំណើរជាមួយចំនួន ០៣នាក់ ៖ ទី០១ ឈ្មោះ ឡុង ស្រីពៅ ភេទស្រីអាយុ ៣២ឆ្នាំជាប្រពន្ធ និងកុមារតូចៗជាកូនប្រុសស្រីចំនួន០២នាក់ទៀត  អាយុ៥ឆ្នាំនិង៨ឆ្នាំ (មិនមានពាក់មួកសុវត្ថិភាព)  ដែលក្រុមគ្រួសារទាំង០៤នាក់រងរបួសស្រាល និងភាគ្គីទាំងសង្ខាង សុទ្ធតែមានទីលំនៅជាមួយគ្នាក្នុងភូមិលេខ(២) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ 

ក្រោយកើតហេតុ សមត្ថកិច្ចក្រុងតាខ្មៅ បានចុះអន្តរាគម ទំនាក់ទំនងរថយន្តសង្គ្រោះដឹកជនរងគ្រោះដែលរងរបួសធ្ងន់ទៅមន្ទីរពេទ្យ  ចំនែកក្រុមគ្រួសាររងរបួសស្រាលទាំង០៤នាក់ ត្រូវសាច់ញ្ញាតិដឹកតាមម៉ូតូផាស់ស្អាប់ទៅគ្លីនិកឯកជន។ ចំពោះមធ្យោបាយពាក់ព័ន្ធ ម៉ូតូទាំង០២គ្រឿងរងការខូចខាតធ្ងន់ ត្រូវបានយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សមត្ថកិច្ចជំនាញ បានដាក់សេចក្តីស្និដ្ធានថា÷ចំពោះមូលហេតុគឺ បណ្ដាលមកពី អ្នកបើកបរម៉ូតូឈ្នោះ ប៉ូ ផាណុយ  បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ៕