ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពសប្បុរសធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គីភាព» ដើម្បីអបអរសាទរខួបលើកទី២៧ «ទិវាសន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៥), ជាទិវារំលឹកដល់គោលនយោបាយឈ្នះ ឈ្នះ ក្រោមអគ្គមគ្គុទ្ទេសក៍ឯករបស់សម្ដេចតេជោ ហ៊ុន សែន និងជាការរំលឹកដល់បំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាបសហការរៀបចំព្រឹត្តិការណ៍នេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ង៉ូវ សេងកាក់ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, ឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករ លើសការរំពឹងទុក ប្រមាណជាង ២,០០០នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិ មានប្រមាណជាង ២០សញ្ជាតិ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថាព្រឹត្តិការណ៍នេះ ក៏រៀបចំឡើងដើម្បីសាទរចំពោះបទឈប់បាញ់ដែលបានឯកភាពគ្នារវាងកម្ពុជា និងថៃ បានចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់តទៅ។ 

ព្រឹត្តិការណ៍នេះ ក៏បានចូលរួមចំណែកជួយលើកស្ទួយវិស័យទេសចរណ៍ក៏ដូចជាវិស័យកីឡានៅកម្ពុជា ជាពិសេសនៅខេត្តសៀមរាប ក៏ដូចជាការពង្រឹងកម្លាំងសាមគ្គីភាពជាធ្លុងមួយ និងពង្រឹងស្មារតីឯកភាពផ្ទៃក្នុង ព្រមទាំងចូលរួមសកម្មភាពមនុស្សធម៌ដើម្បីជួយដល់គ្រួសារភៀសសឹកនៅក្នុងគ្រាដ៏លំបាក។