ថ្មីៗនេះ តារាចម្រៀងដ៏មានភាពលេចធ្លោទាំងសម្រស់ និងសំឡេង ប្រចាំផលិតកម្មរស្មីហង្សមាស បានបង្ហោះសំណេរមួយដ៏ភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម កំពុងធ្វើឱ្យមហាជនអ្នកគាំទ្រនៅទូទាំងប្រទេសបង្ហាញក្តីអាណិតអាសូរដល់តារាស្រីរូបនេះជាខ្លាំង។ សំណេរដែលតារាស្រីខាងលើ បានបង្ហោះនាពេលថ្មីៗនេះ បានបង្ហាញការព្រួយបារម្ភចំពោះសុវត្ថិភាពឪពុករបស់នាង ខណៈកំពុងប្រយុទ្ធតទល់នៅសមរភូមិជួរមុខជាមួយខ្លាំងសត្រូវ ស្របពេលដែលប្រទេសថៃកំពុងឈ្លានពានយ៉ាងសាហាវឃោរឃៅ ដោយមិនខ្លាចរអាច្បាប់អន្តរជាតិ។ ទន្ទឹមគ្នានេះ ក្រឡេកទៅមើលម្តាយរបស់តារាចម្រៀងស្រីរូបនេះវិញ ក៏បាននិងកំពុងត្រៀមខ្លួនចូលវះកាត់ផងដែរ។
នៅក្នុងសំណេរទាំងស្រុងដែលតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព កែវ សុបញ្ញា បានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុក មានខ្លឹមសារយ៉ាងដូច្នេះថា៖« ប៉ានៅជួរមុខ ម៉ាក់កំពុងរង់ចាំត្រៀមវះកាត់នៅឡើយ សួរថា តើអារម្មណ៍របស់ខ្ញុំពេលនេះយ៉ាងណា? 🥹បងខ្ញុំអង្គុយមើលមុខខ្ញុំដេញឱ្យខ្ញុំទៅជួបពេទ្យ ទាន់នៅពេទ្យរុស្ស៊ីស្រាប់ ខ្ញុំធម្មតាសោះ ខ្ញុំរឹងមាំណាស់»។
យ៉ាងណាមិញ កែវ សុបញ្ញា ហាក់ជួបប្រទះនូវរឿងរ៉ាវមិនល្អផ្ទួនៗគ្នាជាច្រើន រយៈពេលប៉ុន្មានខែមកនេះ ខណៈពេលដែលកូនស្រីអាយុ ៥ ខែរបស់នាង ទើបតែស្លាប់ដោយរោគាពាធកាលពីដើមខែធ្នូកន្លងទៅ៕
