ភ្នំពេញ៖
កម្លាំងនគរបាលអធិការដ្ឋានខណ្ឌកំបូល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ដែលបានធាក់ប្លន់ម៉ូតូពីនារីម្នាក់មិនបានសម្រេច បណ្ដាលឲ្យនាងដួលរងរបួស រួចគេចខ្លួនបានត្រឹមរយៈពេល១០ម៉ោងប៉ុណ្ណោះ ។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង២៣ យប់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៥ស្ថិតតាមបណ្តោយផ្លូវបេតុងភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះ ឈ្មោះ ព្រី នោតអានី ភេទស្រី អាយុ ២០ឆ្នាំ មុខរបរបុគ្គលិក ស្នាក់នៅផ្ទះលេខ៧៥ ផ្លូវលេខ១១ បុរីពិភពថ្មីគម្រោង១ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមជនរងគ្រោះ បានប្រាប់ឲ្យសមត្ថកិច្ចដឹងថាកាលពីវេលាម៉ោងប្រហែល២៣និង៣០នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នាង បានជិះម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1LY-3906 ចេញពីធ្វើការដើម្បីត្រលប់ទៅផ្ទះ ដោយធ្វើដំណើរតាម បណ្ដោយផ្លូវជាតិលេខ៣ ។ លុះដល់ចំណុចមុខច្រកចូលវត្តអង្គត្រៀត ស្រាប់តែជនសង្ស័យមួយក្រុមខាងលើ បានដេញតាមធាក់បណ្ដាលឲ្យនាងដួលរងរបួស ហើយភ្លាមៗនោះ ជនសង្ស័យប្រុងយកម៉ូតូនាង ប៉ុន្តែត្រូវបាននគរបាលជួយអន្តរាគមន៍ទាន់ពេលវេលា ពេលនោះ ជនសង្ស័យក៏បានគេចខ្លួនបាត់អស់ ។
សមត្ថកិច្ចបា នប្រាប់ឲ្យដឹងថា ក្រោយមក នគរបាលណ្ឌកំបូល បានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១២ និង៣០នាទីថ្ងៃត្រង់ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យបានជាបន្ដបន្ទាប់ចំនួន០៦នាក់ ។ បន្ទាប់មក បាននាំទៅសាកសួរនៅផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌកំបូលដើម្បីកសាងសំណុំរឿងបញ្ជូលទៅតុលាការចាត់ការតាមនីតិវិធី ៕
