ភ្នំពេញ៖
ក្មេងទំនើងចំនួន១៣នាក់ ត្រូវបានកម្លាំងល្បាតនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនធ្វើកិច្ចសន្យាអបរំ ព្រមទាំងដកហូតម៉ូតូចំនួន៨គ្រឿង ទុករយៈពេលចំនួន៣ខែ បន្ទាប់ពីជិះម៉ូតូប្រដេញគ្នា និង បង្ហោះម៉ូតូទាំងកណ្ដាលយប់ ។
តាមនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថានៅថ្ងៃទី0៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១២និង០០នាទីរំលងអាធ្រាត្រ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វើការល្បាតពួនស្ទាក់បង្ការបង្រ្កាបបទល្មើស នៅក្នុងមូលដ្ឋាន រហូតដល់ម៉ោងប្រហែល១នឹង១០នាទី ក៏បានជួបក្មេងៗស្ទាវមួយក្រុមមានគ្នាប្រហែល៣០ម៉ូតូ បានធ្វើការបង្ហោះម៉ូតូនៅត្រង់ចំណុចមុខធនាគារជាតិតាមផ្លូវភ្នំពេញ ហាណូយ សង្កាត់ភ្នំពញថ្មី ខណ្ឌសែនសុខ ហើយ ក៏ត្រូវបានកម្លាំងល្បាតឃាត់បានចំនួន១៣នាក់ យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
តាមនគរបាលខណ្ឌសែនសុខ បានឲ្យដឹងទៀតថាបន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ច បានធ្វើតេស្ត រកសារធាតុញៀននៅក្នុងទឹកនោមជាលទ្ធផលអវិជ្ជមានទាំងអស់។ ក្មេងទំនើងទាំង១៣នាក់នោះ ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំឲ្យត្រឡប់ទៅផ្ទះវិញ។
ដោយឡែក ម៉ូតូចំនួន៨ គ្រឿងត្រូវបានសមត្ថកិច្ចឃាត់ទុកនៅអធិការដ្ឋានខណ្ឌរយៈពេល ៣ ខែ៕
