យោធារបស់ប្រទេសចិន បានចល័តអង្គភាពកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពអាកាស និងកងកាំភ្លើងធំជុំវិញកោះតៃវ៉ាន់ ដើម្បី «អនុវត្តការធ្វើសមយុទ្ធ» ស្របពេលដែលកោះតៃវ៉ាន់ ក៏បានចល័តទ័ពដើម្បីធ្វើសមយុទ្ធទប់ទល់នឹងការវាយប្រហារណាមួយដែលអាចកើតមានរបស់ប្រទេសចិន។ យោងតាមសេចក្តីថ្លែងការណ៍របស់បញ្ជាការកងទ័ពរំដោះប្រជាជនចិន សមយុទ្ធនេះ រួមមានការបាញ់គ្រាប់ពិតដែលនឹងធ្វើឡើងនៅថ្ងៃអង្គារ ទី30 ខែធ្នូនេះ។ គួរបញ្ជាក់ផងដែរថា  សមយុទ្ធនេះ ធ្វើឡើងត្រឹមតែរយៈពេល 11 ថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសលក់អាវុធក្នុងតម្លៃ 11.1 ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់ ដែលជាកញ្ចប់អាវុធដ៏ធំបំផុតសម្រាប់កោះនេះ និងទាក់ទាញការថ្កោលទោសយ៉ាងខ្លាំងពីប្រទេសចិននោះ។ សមយុទ្ធរបស់ទីក្រុងប៉េកាំង ត្រូវបានធ្វើឡើងក្នុងភាពស្រពិចស្រពិលក្នុងការកំណត់ថា តើជាសមយុទ្ធយោធាធម្មតា ឬជាអ្វីដែលក្រុមអ្នកវិភាគបានព្រមានថា អាចជាការរៀបចំសម្រាប់ការវាយប្រហារជាក់ស្តែងណាមួយ ជាយុទ្ធសាស្ត្រដែលធ្វើឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន មិនមានការប្រុងប្រយត្ន័នោះ។