ដូចដែលមហាជនបានជ្រាបស្រាប់ហើយថា ថ្មីៗនេះកម្ពុជាបានរងការវាយប្រហារសារជាថ្មីពីយោធាថៃនៅតាមជួរព្រំដែនរវាងប្រទេសទាំងពីរ។ ក្នុងនោះបានធ្វើឱ្យប្រជាពលរដ្ឋជម្លៀសចេញពីតំបន់គ្រោះថ្នាក់ទៅទីទួលសុវត្ថិភាពភ្លាមៗផងដែរ។ មិនតែប៉ុណ្ណោះ ទាំងវីរៈកងទ័ព និងប្រជាជនស្លូតត្រង់ជាច្រើននាក់ បានស្លាប់ និងរងរបួសពីការឈ្លានពានរបស់យោធាថៃថែមទៀតផង។ ស្របពេលដែលប្រទេសជាតិកំពុងស្ថិតក្នុងស្ថានភាពតានតឹង បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២៥ អ្នកនាង ហ្វីយ៉ាតា ក៏បានបង្ហាញសកម្មជាមួយការចូលរួមកិច្ចការងារសង្គម គឺបានបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជាមួយបងប្អូនដទៃទៀត នៅសាកលវិទ្យាល័យការពារជាតិ ដើម្បីជាកម្លាំងចិត្តដល់វីរៈកងទ័ពនៅជួរមុខ និងបងប្អូននៅតាមព្រំដែនជាដើម ដែលការធ្វើនេះតបតាមការប្រកាសនៅលើទំព័រហ្វេសប៊ុក «TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ» កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។
យ៉ាងណាមិញបន្ទាប់ពីធ្វើការបរិច្ចាគឈាម ហ្វីយ៉ាតា បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គម រៀបរាប់យ៉ាងដូច្នេះថា៖ «៨ម៉ោងសម្រាប់ខ្ញុំដើម្បីផ្ដល់ឈាមមិនយូរទេ ព្រោះប្រជាជនខ្មែររបស់ខ្ញុំ ពួកគាត់កំពុងពិបាកជាងខ្ញុំឆ្ងាយណាស់ ពេលនេះអ្វីដែរខ្ញុំអាចជួយបាន ខ្ញុំនឹងធ្វើទាំងអស់ ដើម្បីប្រទេសជាតិមាតុភូមិកម្ពុជារបស់ខ្ញុំ សូមបងប្អូនទាំងអស់រួបរួមគ្នា ខ្ញុំជឿលើបេះដូងស្មោះត្រង់របស់យើង»។ បវរកញ្ញារូបនេះបន្តទៀតថា៖ «បងប្អូនវីរៈកងទ័ពបានលះបង់ឈាមស្រស់ការពារទឹកដី ទើបយើងមានថ្ងៃនេះ តើខ្លាចអ្វីបើគ្រាន់តែផ្តល់ឈាមយើង ដើម្បីជួយបម្រុងទុក សម្រាប់សង្គ្រោះពួកគាត់វិញ?»។
សូមបញ្ជាក់ថា សកម្មភាពនៅក្នុងកិច្ចការងារសង្គមរបស់ បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២៥ អ្នកនាង ហ្វីយ៉ាតា មិនមែនទើបតែធ្វើជាលើកដំបូងនោះទេ ដោយកាលពីអំឡុងខែកក្កដាកន្លងទៅ ខណៈពេលដែលប្រទេសថៃបានឈ្លានពានមកលើទឹកដីកម្ពុជា បវរកញ្ញារូបនេះក៏បានបង្កើតមូលនិធិដើម្បីរៃអង្គាសថវិកា ក៏ដូចជាស្បៀង និងសម្ភារៈប្រើប្រាស់ផ្សេងៗជួយដល់កងទ័ពកម្ពុជា និងបងប្អូនជនភៀសសឹកផងដែរ៕
