លោក ខាវ ធានខាយ (Cao Tiankai) ដែលជាតារាសម្តែងចិន បាននិងកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គមថៃ បន្ទាប់ពីលោកបានបញ្ចេញមតិបែបអវិជ្ជមានទៅលើប្រទេសថៃជាសាធារណៈ អំឡុងពេលផ្សាយផ្ទាល់នៅលើ តូយ៉ីន (Douyin) ឬ TikTok របស់ចិន ខណៈពេលកំពុងរៀបចំខ្លួនថត។
នៅក្នុងការផ្សាយផ្ទាល់ខាងលើ លោកបានរៀបរាប់ពីការព្រួយបារម្ភទាក់ទងនឹងសុវត្ថិភាព ក្នុងការធ្វើដំណើរទៅកាន់ប្រទេសថៃ។ ជាមួយគ្នានេះ តារាប្រុសរូបនេះបាននិយាយថា លោកតែងតែត្រូវបានគេអញ្ជើញឱ្យទៅប្រទេសថៃ តាមរយៈតារាល្បីៗនៅក្នុងប្រទេសនោះ ប៉ុន្តែលោកមានការស្ទាក់ស្ទើរក្នុងការធ្វើដំណើរទៅប្រទេសថៃ ក៏ដោយសារតែលោកមានអារម្មណ៍ភ័យខ្លាច ថានឹងត្រូវបានគេយកទៅលក់នៅទីនោះ។ តារាប្រុសរូបនេះបន្តថា លោកគឺជាមនុស្សដែលមិនសូវគិតឱ្យបានល្អិតល្អន់នោះទេ មុនពេលចេញទៅកន្លែងណាមួយ ដូចនេះហើយទើបលោកមានការបារម្ភថា បើសិនជាបានធ្វើដំណើរទៅប្រទេសថៃ ខ្លាចមានការចាប់ជំរិតមកលើលោក។
យ៉ាងណាមិញក្រោយពេលវីដេអូឃ្លីបនៃការសន្ទនានេះត្រូវបានយកទៅចែករំលែកនៅលើបណ្តាញសង្គមរួចមក ស្រាប់តែធ្វើឱ្យអ្នកគាំទ្រនៅក្នុងប្រទេសថៃបង្ហាញការមិនសប្បាយចិត្ត និងមានការខឹងសម្បាយ៉ាងខ្លាំងទៅលើ ខាវ ធានខាយ (Cao Tiankai) ដោយពួកគេទាំងនោះបានលើកឡើងស្រដៀងគ្នាថា ការនិយាយបែបនេះគឺជាការបន្ទាបបន្ថោកតម្លៃរបស់ប្រទេសថៃជាខ្លាំង។ លើសពីនេះ ពួកអ្នកគាំទ្រទាំងនោះ ក៏បានធ្វើការហាមឃាត់មិនឱ្យតារាប្រុសរូបនេះចូលមកប្រទេសថៃថែមទៀតផង៕
