ភ្នំពេញ៖
អគ្គិភ័យឆាបឆេះបន្ទប់សណ្ឋាគារមួយកន្លែង ផ្អើលពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍បាញ់ពន្លត់ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីយប់ថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៥ ចំនុចសណ្ឋាគារ ក្លវើរ (CLOVER HOTEL )ដែលស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវ៣៦០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មាន បានអោយដឹងថាមុនពេលកើតហេតុ គេ បានឃើញមានភ្លើងហុយផ្សែងខ្មួលខ្មាញ់ ចេញបន្ទប់សណ្ឋាគារ ជាន់ទី២ តែមិនថាឆេះអ្វីនោះទេ ទើបផ្អើលដល់ភ្ញៀវនាំគ្នីគ្នារត់គេចមកក្រៅ ហើយមានអ្នកខ្លះរាយការណ៍ប្រាប់សន្តិសុខនៅទីនោះ រាយការណ៍ បន្តជូនសមត្ថកិច្ចសុំជំនួយរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍បាញ់ពន្លត់ផងដែរ ។
ករណីនេះផងដែរ បន្តិចក្រោយមក គេបានឃើញមានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យចេញទៅអន្តរាគមន៍ចំនួន៨គ្រឿង ដោយបានពន្លត់រហូតដល់ម៉ោង ៤និង៣០នាទីយប់ថ្ងៃដដែល ទើបធ្វើអោយភ្លើងរលត់ទៅវិញជាស្ថាពរ ។
ករណីនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុនិងទំហំនៃការខូចខាតបាននៅឡើយនោះទេ ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕
