បន្ទាប់ពីមានការបង្ហោះសារផ្សេងៗលើហ្វេសបុកអំពីការផ្អាកសកម្មភាពប្រកួត និងចង់ឲ្យបើកការប្រកួតប្រដាល់គុនខ្មែរឡើងវិញអំឡុងពេលនេះ លោក ខូវ ឆាយ បានឆ្លើយតបកាលពីម្សិលមិញដោយការសុំយោគយល់ពីគ្រប់ភាគីពាក់ព័ន្ធអំឡុងកាលៈទេសៈកងទ័ពខ្មែរកំពុងនៅបាញ់គ្នាឯព្រំដែននៅឡើយ ខណៈមានជនភៀសសឹកឡើងដល់ជាង ៤០ម៉ឺននាក់។

ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានបង្ហោះសារនៅលើហ្វេសបុកផេករបស់ខ្លួនថា ដោយមានការស្នើសុំពីម្ចាស់ឧបត្ថម្ភកម្មវិធី ម្ចាស់ស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ ក៏បានឯកភាពគ្នាក្នុងការផ្អាកការប្រកួតប្រដាល់គុនខ្មែរគ្រប់កម្មវិធីទាំងអស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី៧ ខែធ្នូ ២០២៥ ក្នុងកំឡុងពេលដែលកម្ពុជាទទួលរងនូវការឈ្លានពានពីយោធាសៀម។

ប្រធានសហព័ន្ធខាងលើបញ្ជាក់ទៀតថា ក្នុងកាលៈទេសៈនេះក្នុងនាមជាពលរដ្ឋខ្មែរត្រូវរួបរួមគ្នាគ្រប់និន្នាការ គ្រប់រូបភាព គ្រប់មធ្យោបាយ ដើម្បីគាំទ្រដល់ វីរកងទ័ពជួរមុខខ្មែរប្រយុទ្ធតតាំង ដេញចោរឈ្លានពានអោយខ្ចាត់ខ្ចាយចេញអស់ពីទឹកដី។

ក្នុងស្ថានភាពកងទ័ពកំពុងប្រយុទ្ធគ្នាជាខ្លាំងនៅតាមបណ្ដោយព្រំដែននៅឡើយ លោកស្នើសុំការយោគយល់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យគុនខ្មែរទាំងមូលដែលកំពុងទទួលរងផលប៉ះពាល់ ដោយសារការផ្អាកសកម្មភាពប្រកួតនេះ។ ប្រធានសហព័ន្ធរូបនេះអំពាវនាវ ដល់កីឡាករ កីឡាការិនីយើងទាំងអស់ សូមអត់ធ្មត់បន្តការប្រឹងប្រែងហ្វឹកហាត់ជាប់ជាប្រចាំដើម្បីរក្សាគុណផលកីឡាអោយបានល្អ និងបន្តជឿជាក់លើរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ-ធិបតី នឹងយកឈ្នះលើសត្រូវឈ្លានពានទាំងលើសមរភូមិសឹក និងសមរភូមិការទូត ដើម្បីបញ្ចប់សង្គ្រាមឈ្លានពាននេះព្រមទាំងវិលរកជីវភាពប្រក្រតីវិញក្នុងពេលដ៏ខ្លីខាងមុខ។

ដូចបានបញ្ជាក់ខាងលើចាប់តាំងពីមានការឈ្លានពានជាលើកទី២ ពីសំណាក់ប្រទេសសៀមមកលើកម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ ២០២៥ រហូតមកដល់ពេលនេះនៅមិនទាន់បានបញ្ឈប់នៅឡើយទេ។ ការប្រយុទ្ធគ្នានៅតាមបណ្ដោយព្រំដែនកាន់តែរីកធំទៅៗស្របពេលទុក្ខលំបាកក៏មានកាន់តែច្រើនមិនថាក្រុមគ្រួសារវីរកងទ័ព រួមទាំងជនភៀសសឹកឡើងរហូតខ្ទង់ ៤០ម៉ឺននាក់ហើយ៕