ស្របពេលដែលប្រទេសថៃបើកការវាយប្រហារសារជាថ្មីមកលើប្រទេសកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់ដែលរស់នៅតំបន់កំពុងប្រឈមគ្រោះថ្នាក់ សម្រេចចិត្តធ្វើការចាកចេញពីលំនៅដ្ឋានភ្លាមៗ ដើម្បីទៅរកទីកន្លែងសុវត្ថិភាព។ ការបើកការវាយប្រហាររបស់យោធាថៃលើកនេះ មានសភាពធ្ងន់ធ្ងរជាងមុន និងស្ទើរតែគ្រប់តំបន់នៅតាមជួរព្រំដែនរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងប្រទេសជាតិកំពុងស្ថិតក្នុងភ្លើងសង្គ្រាមពីការឈ្លានពានរបស់ថៃ គេសង្កេតឃើញថា អ្នកមានឥទ្ធិពលសំឡេងជាច្រើនរួមមាន សិល្បករ សិល្បការិនី និងអ្នកផលិតមាតិកានានា បានបង្កើតមូលនិធិ ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗដើម្បីផ្តល់ជាជំនួយដល់វីរៈកងទ័ពកម្ពុជា និងជនភៀសសឹកជាដើម។ ដោយឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ស្ថិតក្នុងស្ថានភាពតានតឹងបែបនេះ តារាចម្រៀងឈានមុខនៅកម្ពុជា កញ្ញា សុខ ពិសី បានធ្វើការប្រកាសជាសាធារណៈនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា នឹងផ្អាកទទួលច្រៀងនៅតាមផាប់ និងកម្មវិធីនានា បើទោះបីជាទទួលបានប្រាក់រាប់លានដុល្លារក៏ដោយ។ តារាចម្រៀងរូបនេះ ក៏បានអរគុណទៅកាន់ម្ចាស់កម្មវិធីទាំងនោះ ដែលមានការយោគយល់ សម្រាប់ការផ្អាកទទួលច្រៀងភ្លាមៗបែបនេះ ខណៈប្រទេសជាតិកំពុងរងការឈ្លានពានពីសត្រូវ។

សូមបញ្ជាក់ថា ការប្រកាសនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់ កញ្ញា សុខ ពិសី បង្ហាញពីមោទនភាព និងសរសើរមិនដាច់មាត់ ចំពោះការគិតគូរដល់ប្រទេសជាតិរបស់នាង៕