ផ្ទុះការចាប់អារម្មណ៍មិនតិចនោះទេ បន្ទាប់ពីមហាជនបានទទួលដំណឹងមកថា តារាចម្រៀង និងជាអ្នកលេងឧបករណ៍តន្ត្រីដ៏ស្ទាត់ជំនាញ វណ្ណថាន បានដឹកដៃនារីម្នាក់ ដែលត្រូវបានគេដឹងថាជានារីក្រៅរង្វង់សិល្បៈ ចូលរោងភ្ជាប់ពាក្យហើយ កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។
ការនេះបានធ្វើឱ្យអ្នកគាំទ្រម្ចាស់បទ «កម្លោះស្រុកខ្មែរ» រូបនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ក៏ព្រោះតែកន្លងមក លោកមិនដែលបង្ហើបឱ្យដឹងពីដៃគូអនាគតរបស់ខ្លួនជាសាធារណៈ ជាពិសេសនៅលើបណ្តាញសង្គមផ្ទាល់តែម្តង។
ទន្ទឹមនឹងដំណឹងដ៏ភ្ញាក់ផ្អើលនេះ មហាជនអ្នកគាំទ្រក៏បានចូលរួមសម្តែងក្តីត្រេកអរផងដែរ ចំពោះ លោក វណ្ណថាន និង កញ្ញា ចាំ សនលីហ្សា ដែលត្រូវបានគេដឹងថាជាគូដណ្តឹង។
នៅក្នុងថ្ងៃសិរីសួស្តីនេះទៀតសោត គេក៏សង្កេតឃើញដែរថា ក៏មានសិល្បករសិល្បការិនី ប្រចាំផលិតកម្មបារមី រួមមាន វណ្ណដា, រ៉េត ហ្សូសាណា, ហូហៃ, នរិទ្ធ និងមិត្តជិតស្និទ្ធដទៃទៀត ក៏បានចូលរួមធ្វើជាសាក្សីស្នេហ៍របស់ពួកគេទាំងពីរផងដែរ៕
