យោងតាមការបង្ហោះសំណេរនៅលើបណ្តាញសង្គមថ្មីៗនេះរបស់តារាសម្តែងស្រីជួរមុខក្នុងព្រះរាជាណាចក្រកម្ពុជា កញ្ញា នី មុន្នីនាថ បានឱ្យដឹងថា នឹងដឹកនាំយុទ្ធនាការ ដើរស្វែងរកសន្តិភាព ដោយជើងទទេនៅក្រុងសៀមរាប។ យុទ្ធនាការនេះ បង្កើតឡើងមកក្រោមឈ្មោះថា «ការដើរដោយជើងទទេដើម្បីសន្តិភាព» ក្នុងគោលបំណង ផ្ញើសារដ៏មានអត្ថន័យ ទៅកាន់សហគមន៍អន្តរជាតិ ជាពិសេសជនបរទេស និងភ្ញៀវទេសចរនៅក្រុងសៀមរាប ដើម្បីឱ្យដឹងថាកម្ពុជាគឺជាប្រទេសដែលគាំទ្រសន្តិភាព សេចក្តីថ្លៃថ្នូរ និងការការពារជីវិតមនុស្ស។
តារាស្រីរូបនេះបានឱ្យដឹងបន្ថែមថា កម្មវិធីដើរថ្មើរជើងនេះ នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧:០០ ល្ងាចតទៅ នៅមុខប៉ុស្តិ៍ចរាចរណ៍ផ្លូវគោក និងបញ្ចប់នៅម៉ោង ៨:២០ នាទីយប់ នៅទីតាំងសិល្បៈដើម្បីសន្តិភាព ក្នុងរយៈចម្ងាយ ៥.១៨ គីឡូម៉ែត្រ។ ក្នុងនោះអ្នកចូលរួមមានប្រហែល ១០០០ នាក់ ដើរដោយជើងទទេ និងមានកាន់ភ្លើងទៀនផងដែរ ដើម្បីបញ្ជូនសារទៅកាន់ពិភពលោកថា កម្ពុជាត្រូវការសន្តិភាព ពិភពលោកត្រូវការសន្តិភាព និងមនុស្សជាតិត្រូវការសន្តិភាព។
គួរឱ្យដឹងដែរថា កញ្ញា នី មុន្នីនាថ ធ្លាប់បង្កើតកម្មវិធីដើរដង្ហែក្បួន នៅក្នុងសៀមរាបម្តងរួចមកហើយ ដើម្បីជម្រុញឱ្យរាជរដ្ឋាភិបាលថៃដោះលែងយោធាកម្ពុជា ដែលកំពុងឃុំខ្លួនដោយខុសច្បាប់អន្តរជាតិ ទាំង១៨នាក់មកវិញ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ៕
