ភ្នំពេញ៖ 

ក្មេងទំនើងចំនួន៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការ ជាមួយកងរាជអាវុធហត្ថខណ្ឌដង្កោ ឃាត់ខ្លួនដើម្បីធ្វើកិច្ចសន្យាអប់រំបន្ទាប់ពីជិះម៉ូតូបង្ហោះនៅតាមដងផ្លូវសាធារណៈ។

តាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថានៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដង្កោ បានធ្វើការ ឆ្មក់បង្ក្រាប ក្រុមក្មេងទំនើង ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូនៅចំណុច ផ្លូវបេតុង ក្បែរវត្តជាន់ឯក ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភំ្នពេញ និងបានឃាត់ខ្លួនក្មេងទំនើង០៦នាក់ភ្លាមៗ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់ សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជា កិត្តិយសគ្រួសារ ព្រមទាំងបង្កការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុង សង្គមព្រមទាំង ដកហូតម៉ូតូ ០៣គ្រឿង យកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

តាមកងរាជអាវុធហត្ថ បានឱ្យដឹងទៀតថាតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមក ពាក់ព័ន្ធនិងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការ រដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវ ឃាត់ម៉ូតូរក្សារទុករយៈពេល៣ខែចំពោះការប្រព្រឹត្តលើកទីមួយ និង៦ខែប្រសិនបើមិន រាងចាល នៅតែប្រព្រឹត្តលើកទីពីរ បន្តទៀត៕