ឆ្លើយតបទៅនឹងការលើកឡើងរបស់អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូត ដែលបាននិយាយថា អង្គការណាតូគួរតែ «ត្រៀមខ្លួនសម្រាប់សង្គ្រាមដ៏ធំមួយជាមួយប្រទេសរុស្ស៊ី»នោះ លោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានចោទសួរលោក ម៉ាក រូត ថាចេះអានអក្សរ និងយល់ពីយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់សហរដ្ឋអាមេរិក ដែលមិនកំណត់ប្រទេសរុស្ស៊ីជាសត្រូវ ដែរ ឬទេ។ លោកប្រធានាធិបតី ពូទីន បានបន្តថា «តើមន្ត្រីជាន់ខ្ពស់អង្គការណាតូ អាចអំពាវនាវឲ្យត្រៀមខ្លួនសម្រាប់សង្គ្រាមប្រឆាំងនឹងប្រទេសរុស្ស៊ីដោយរបៀបណា ខណៈដែលអាមេរិក ដែលជាសមាជិកសំខាន់ជាងគេ និងជាអ្នកផ្គត់ផ្គង់ថវិការ បច្ចេកវិទ្យាយោធា អាវុធធំជាងគេ មិនមានបំណងធ្វើដូច្នេះនោះ»។ លោកប្រធានាធិបតី ក៏បានដាក់ចំៗថា ប្រធានអង្គការណាតូរូបនេះ អាចមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់តួនាទីបច្ចុប្បន្ននោះទេ។ ជាមួយគ្នានេះ លោកប្រធានាធិបតី ពូទីន ក៏បានបញ្ជាក់ថា រុស្ស៊ីនឹងត្រៀមខ្លួនបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែនភ្លាមៗ ប្រសិនបើខ្លួនទទួលបានការធានាសន្តិសុខ ព្រមទាំងបានសង្កត់ធ្ងន់ថា រុស្ស៊ី មិនមានបំណងវាយប្រហារអឺរ៉ុបនោះទេ។ យ៉ាងណាមិញ លោកប្រធានាធិបតី ពូទីន ក៏បានព្រមានអំពីការគំរាមកំហែងណាមួយចំពោះការបិទផ្លូវតំបន់ កាលីននីងហ្រ្កាដ របស់រុស្ស៊ី ដោយនិយាយថា សកម្មភាពបែបនេះ អាចនឹងជំរុញឲ្យផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ។
