ភ្នំពេញ៖
ផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង រួមទាំងសម្ភារៈក្នុងនោះមួយចំនួន ត្រូវបានអគ្គីភ័យលេបត្របាក់អស់ស្ទើរទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង និង សមត្ថកិច្ចជំនាញ ចេញរថយន្តជួយបាញ់ពន្លត់កាលពីវេលាម៉ោង៦:១៥ នាទីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ បេតុង ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ ដោយពួកគាត់ បានឃើញផ្សេងហុយយ៉ាងខ្មួលខ្មាញ់លាយឡំនិងអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះកើតហេតុខាងលើ រួចបន្តឆេះរាលដាលទៅលើផ្ទះក្បែរៗគ្នាផ្សេងៗទៀត អស់ជាច្រើនខ្នង ។
ភ្លាមនោះដែរ ពួកគាត់ក៏បាននាំគ្នាទាញទុយោទឹកនិងបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ ជាបណ្តោះអាសន្ន រួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គីភ័យមក ជួយ អន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់។ ភ្លាមនោះ សមត្ថកិច្ចមូលដ្ឋានក៏ប្រញាប់ទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញបន្តសុំរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ដើម្បីបាញ់ពន្លត់ ជាច្រើន គ្រឿងផងដែរ។
ក្រោយពីកម្លាំងជំនាញបាញ់ពន្លត់ចប់ ឃើញថាប្រើប្រាស់រថយន្តទឹកអស់ចំនួន២០គ្រឿង ក្នុងនោះដែរ មិនមានអ្នកស្លាប់និងរបួសនោះទេ ពោលគឺខូចខាតផ្ទះពលរដ្ឋអស់ចំនួន៥ខ្នង រួមទាំងសម្ភារៈក្នុងផ្ទះមួយចំនួនធំតែប៉ុណ្ណោះ។
ចំពោះមូលហេតុលោកវរៈសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ៕
