ភ្នំពេញ ៖ 

សម្ភារៈក្នុងអគាររោងចក្រកាត់ដេរសួនឧស្សាហ៍កម្មកាណាឌីយ៉ា ស្ថិតនៅតាមមហាវិថីចោមចៅ (ផ្លូវវ៉េងស្រេង) ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានភ្លើងឆាបឆេះកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ។ 

សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ការឆាបឆេះនោះ សង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហើយនៅខណៈនោះ រោងចក្រមិនទាន់បើកទ្វារនៅឡើយ ប៉ុន្តែមានកម្មករកម្មការិនីទៅដល់ខ្លះៗហើយដែរ ។ ខណៈនោះស្រាប់តែមានភ្លើងឆាបឆេះឡើងសន្ធោសន្ធៅនៅខាងក្នុងអគាររោងចក្រ ។ 

នៅពេលមានហេតុការណ៍បែបនេះកើតឡើង ក្រុមសន្តិសុខដែលយាមនៅទីនោះរួមជាមួយកម្មករ បាននាំគ្នាវាយផ្ដាច់សោទ្វារអគាររោងចក្រ រួចអ្នកខ្លះយកបំពង់ពន្លត់អគ្គិភ័យចូលទៅបាញ់ពន្លត់រហូតរលត់ទៅវិញ ។

សមត្ថកិច្ច បានប្រាប់ទៀតថា រីឯអ្នកខ្លះទៀត បានជួយសែងម៉ាស៊ីនដេរចេញក្រៅអគារបានច្រើនគ្រឿងផងដែរ។ ដោយឡែក អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចេញអន្តរាគមន៍ និងទាក់ទងទៅកាន់រថយន្តពន្លត់អគ្គិភ័យឲ្យទៅកាន់ទីតាំងកើតហេតុជាបន្ត បន្ទាប់ ។ ប៉ុន្តែសំណាងល្អ ត្រូវបានក្រុមសន្តិសុខ បានពន្លត់ភ្លើងរលត់ មុនពេលដែលរថយន្តពន្លត់អគ្គិភ័យទៅដល់ ចំណែកកម្មករ បានឈររង់ចាំនៅក្រៅអគាររោងចក្រត្រៀបត្រា រហូតក្រោយពេលពន្លត់ភ្លើងរលត់ និងស្ងប់ស្ងាត់លែងមានផ្សែង ទើបថៅកែឲ្យចូលធ្វើការជាធម្មតា ៕