កំពង់ស្ពឺ៖
យុវជនម្នាក់ បានបោកក្បាលនៅលើផ្លូវជាតិលេខ៤១ភ្លាមៗ ខណៈដែលជិះម៉ូតូម្នាក់ឯង ហើយត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកលឿនបុកពេលបត់ឆ្លងផ្លូវយ៉ាងពេញទំហឹងទាំងកណ្តាលអាធ្រាត្រ ហើយ តៃកុងរថយន្ត បានបន្ថែមល្បឿន រត់គេចបាត់ស្រមោល។
ហេតុការណ៍រថយន្តមិនស្គាល់ម៉ាកបើកលឿនបុកម៉ូតូសង់បណ្តាលឱ្យយុវជនម្នាក់ស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីរំលងអាធ្រាត្រថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១ទៅលេខ២២ ស្ថិតនៅត្រង់ចំណុចភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកគងពិសី បាននិយាយឱ្យដឹងថានៅមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ បិតស្កុតពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ ភ្នំពេញ 1Z-4840 បើកបរដោយឈ្មោះជា ឡេវ ខេម ភេទប្រុស អាយុឆ្នាំ២៥ រស់នៅក្នុងភូមិថ្លុកដូនស ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ)។
យុវជនរងគ្រោះខាងលើ បានបើកបរម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៤១ ពីទិសខាងត្បូងទៅទិសខាងជើង លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏បានបត់ឆ្វេងឆ្លងផ្លូវ ក៏ស្រាប់តែមានរថយន្ត០១គ្រឿងមិនស្គាល់ម៉ាក ដែលបានបើកបរពីទិសខាងជើងទៅទិសខាងត្បូង រួចហើយ ក៏បានបុកម៉ូតូយុវជនពេញទំហឹង។ ក្រោយពេលកើតហេតុតៃកុងរថយន្ត បានបន្ថែមល្បឿនរត់គេចបាត់តែម្តង។
នគរបាលស្រុកគងពិសី បានបន្តថាក្រោយកើតហេតុ នគរបាលជំនាញ បានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ ហើយម៉ូតូចំនួន០១គ្រឿងរបស់ជនរងគ្រោះ រងការខូចខាត កំរិតធ្ងន់ ។ ចំពោះសពយុវជនរងគ្រោះខាងលើ សមត្ថកិច្ចនគរបាលជំនាញប្រគល់ជូនសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។
ដោយឡែក វត្ថុតាងម៉ូតូ០១គ្រឿង សមត្ថកិច្ចជំនាញបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកគងពិសីបណ្តោះអាសន្នសិន រង់ចាំធ្វើការស្រាវជ្រាវស្វែងរករថយន្តខាងលើដែលកំពុងរត់គេចនោះ យកមកធ្វើការដោះស្រាយនៅពេលក្រោយ ៕
